នាយករដ្ឋមន្ត្រីនូវែលសេឡង់ នឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅចុងខែនេះ
អន្តរជាតិ៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅចុងខែនេះ នឹងជួបជាមួយប្រធានាធិបតី Xi Jinping។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី ១៣ មិថុនា ២០២៣។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ ប៉ុន្តែទំនាក់ទំនងទ្វេភាគីត្រូវបានតានតឹងដោយសារការបែកបាក់កាន់តែខ្លាំងឡើងរវាងប្រទេសលោកខាងលិច និងទីក្រុងប៉េកាំង។
ដំណើរទស្សនកិច្ចនេះនឹងជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ក្នុងរយៈពេល៤ឆ្នាំ។ លោក Hipkins នឹងដឹកនាំ "គណៈប្រតិភូពាណិជ្ជកម្មធំ" ទៅកាន់ទីក្រុងប៉េកាំង ធានជីន និងសៀងហៃ នៅចុងខែមិថុនា។
ដំណើរទស្សនកិច្ចនេះ ចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសចិន និងសម្ព័ន្ធមិត្តរបស់នូវែលសេឡង់ ដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់ បាននិយាយថា "យើងមានមោទនភាពចំពោះទំនាក់ទំនងរបស់យើងជាមួយប្រទេសចិនដែលមានស្ថិរភាព និងជាប់លាប់នៅក្នុងជំហររបស់យើង ហើយយើងនឹងបន្តដូច្នេះ"៕