ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា សំណង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ទាំងក្រុមជាង និងក្រុមហ៊ុន បានសហការ និងឯកភាពគ្នា ក្នុងការសាងសង់អគារនេះ ខណៈមានសំណងមួយចំនួននៅកម្ពុជាបានផ្អាក ដោយសារមានជម្លោះផ្ទៃក្នុង។

ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី សាងសង់អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ ចំនួន ១,១០០នាក់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ពិតជាមោទកភាពដ៏វិសេសវិសាលបំផុត អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីដ៏ធំមហិមានេះ ត្រូវបានសាងសង់ឡើងដោយកូនខ្មែរសុទ្ធសាធ ទាំងការគូសប្លងផងដែរ។

ក្នុងន័យនេះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណសារជាថ្មីម្ដងទៀត និងធ្វើការកោតសរសើរចំពោះក្រុមហ៊ុនសាងសង់ ដែលបានធ្វើការងារប្រកបដោយការទទួលខុសត្រូវ តាំងពីការចាប់ផ្ដើម រហូតមកទល់ពេលនេះ គឺក្រុមហ៊ុន បានសហការគ្នា សាមគ្គីភាព ឯកភាព ក្នុងការសាងសង់អគារទីស្ដីការក្រសួងមានភាពរលូន។ សម្ដេច រំលឹកថា នាពេលកន្លងទៅ មានសំណងអគារធំៗមួយចំនួន បានផ្អាកក្នុងការសាងសង់ ដោយសារបញ្ហាជម្លោះផ្ទៃក្នុងការងារ។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា «កន្លងទៅ សំណង់មួយចំនួន បរទេសសាងសង់ក្ដី មានការវិនិយោគពីខាងក្រៅមក ឬមួយផ្ទៃក្នុងប្រទេសសាងសង់ក្ដី មានមួយចំនួននោះ បានផ្អាកដំណើរ សួរថា មូលហេតុ ដោយសារជម្លោះ ហើយដោះស្រាយមិនទាន់ចេញ។ ទោះយ៉ាងដូចជា អគារ ៤០ជាន់ នៅដីអតីតពេទ្រចិន ដែលមកទល់ពេលនេះមិនទាន់ ឃើញបង្ហាយទេ ប៉ុន្ដែជាអគារមួយ ដែលបានសាងសង់ខ្ពស់ជាងគេ លើកទីមួយកម្ពុជា»។

សូមរំលឹកថា ទាំងការងារសាងសង់ ទាំងការងារគូសប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ ដោយប្រើប្រាស់ ស្ថាបត្យករ វិស្វករ និងប្រជាពលរដ្ឋកម្ពុជាខ្លួនឯង ១០០% លើការងារសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីដ៏ធំមហិមានេះ បានលេចជារូបរាងឡើងក្លាយជាសមិទ្ធិផល ជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ នៃមាតុភូមិកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ