អន្តរជាតិ៖ អាជ្ញាធរក្រុងកៀវ បាននិយាយរដ្ឋធានីអ៊ុយក្រែន គ្រោងនឹងសាងសង់កំពែងបន្ថែមទៀត ដោយសារហានិភ័យនៃការវាយប្រហាររបស់រុស្ស៊ីនៅតែមាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០១ កញ្ញា ២០២៣។
កងកម្លាំងរុស្ស៊ី បានព្យាយាមដណ្តើមយករដ្ឋធានីនេះ ក្នុងដំណាក់កាលដំបូងនៃការលុកលុយពេញទំហឹងរបស់ពួកគេ ដែលចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ២០២២ ប៉ុន្តែបានដកថយវិញ បន្ទាប់ពីប្រឈមនឹងការតស៊ូយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែន។
អភិបាលក្រុងលោក Vitali Klitschko និយាយថា រដ្ឋធានីកៀវ នឹងបែងចែកប្រាក់២១.៧៤លានដុល្លារអាមេរិកដើម្បីសាងសង់កំពែង និងសម្រាប់តម្រូវការយោធាបន្ទាន់ផ្សេងទៀត។
ស្របពេលជាមួយគ្នានោះ លោក Serhiy Popko ប្រធានរដ្ឋបាលយោធា បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “ទីក្រុងកៀវ គឺជាគោលដៅអាទិភាពទី១សម្រាប់សត្រូវ”។
គូរបញ្ជាក់ថា កងកម្លាំងរុស្ស៊ី បានកាន់កាប់តំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ហើយមិនទាន់មានសញ្ញាថា ពួកគេគ្រោងវាយលុកបន្ថែមទៀតលើរដ្ឋធានីអ៊ុយក្រែននោះទេ៕