អូស្ត្រាលី ៖ អូស្ត្រាលីបានបង្ហើបថា ខ្លួនត្រៀមទិញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ HIMARS មានរូបរាងដូចគ្នានឹងគ្រឿងដែលបញ្ជូនទៅប្រទេសអ៊ុយក្រែនសម្រាប់តទល់ជាមួយរុស្ស៊ី ។ អូស្ត្រាលីសង្ឃឹមថា នឹងយកវាមកប្រចាំការនៅក្នុងប្រទេសឆ្នាំ២០២៦-២០២៧ ខាងមុខនេះ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី០៨ មករា ២០២៣។
ក្រសួងការពារជាតិអូស្ត្រាលី បានថ្លែងទៅកាន់សារព័ត៌មាន ថា ដោយឃើញពីប្រសិទ្ធភាពរបស់ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ HIMARS របស់អាមេរិកបញ្ជូនឱ្យប្រទេសអ៊ុយក្រែនតទល់ជាមួយការឈ្លានពានរបស់រុស្ស៊ី ទើបធ្វើឱ្យលោកសម្រេចចិត្តបញ្ជាទិញវាមកប្រចាំការនៅក្នុងប្រទេស ។ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចចិត្តទិញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ HIMARS ពីអាមេរិកយ៉ាងរហ័ស ដោយរំពឹងថា ប្រព័ន្ធនេះនឹងអាចការពារប្រទេសអូស្ត្រាលីពីការវាយលុក ។
ទោះយ៉ាងណា ក្រសួងការពារជាតិអូស្ត្រាលីមិនបានប្រាប់ពីតម្លៃវាទេ គ្រាន់តែបង្ហើបថា អូស្ត្រាលីនឹងចំណាយប្រាក់ប្រមាណពី១.០០០-២.០០០លានដុល្លារអូស្ត្រាលី រីឯអាវុធផ្សេងទៀតមាន កាំជ្រួចវាយប្រហាររបស់កងទ័ពជើងទឹកន័រវេស ដែលនឹងយកមកដាក់លើនាវាពិឃាត និងនាវាចម្បាំងតាំងពីឆ្នាំ២០២៤តទៅ ។ ប្រព័ន្ធរ៉ុក្កែតនេះអាចបាញ់បានចម្ងាយពី៣០ ទៅ៣០០គីឡូម៉ែត្រ និងបាញ់បានឆ្ងាយដល់៥០០គីឡូម៉ែត្រ៕RT