កូឡុំបូ៖ ប៉ូលិសស្រីលង្កា បានប្រកាសពីការចាប់ខ្លួនជនសង្ស័យជិត ១៥,០០០នាក់ ប្រើពេលត្រឹមមួយសប្តាហ៍ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលគាំទ្រដោយយោធា ប៉ុន្តែការបង្ក្រាបនេះរងការថ្កោលទោសពីក្រុមសកម្មជនសិទ្ធិមនុស្ស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី២៤ ធ្នូ ២០២៣។

ប៉ូលិសស្រីលង្កាបាននិយាយថា ប្រតិបត្តិការវាយឆ្មក់របស់ពួកគេមានឈ្មោះថា “យុគទីយ៉ា” ឬ “យុត្តិធម៌” រឹបអូសបានថ្នាំញៀនជិត ៤៤០គីឡូក្រាម រួមទាំងកញ្ឆា ២៧២គីឡូក្រាម, ហាស៊ីស ៣៥គីឡូក្រាម និងហេរ៉ូអ៊ីន ៩គីឡូក្រាម។ 

សេចក្តីថ្លែងការណ៍របស់ប៉ូលីស បានបញ្ជាក់ថា ជនសង្ស័យចំនួន ១៣,៦៦៦នាក់ត្រូវចាប់ខ្លួន ខណៈដែលអ្នកសេពថ្នាំញៀនជិត ១,១០០នាក់ត្រូវឃុំខ្លួន និងបញ្ជូនទៅស្តារនីតិសម្បទាជាកំហិត នៅឯមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។

មេធាវីការពារសិទ្ធិមនុស្ស លោក ហ៊ីចាអាស់ ហ៊ីសប៊ូឡា បាននិយាយថា ការវាយឆ្មក់របស់ប៉ូលីស គឺខុសច្បាប់ ពីព្រោះពួកគេធ្វើសកម្មភាពដោយគ្មានដីកាឃាត់ខ្លួន ហើយបានជំរុញឱ្យជនរងគ្រោះផ្តល់ព័ត៌មានលំអិតដល់មន្រ្តី ដើម្បីចាត់វិធានការផ្លូវច្បាប់តាមក្រោយ។

ចំណែកសកម្មជនសិទ្ធិមនុស្ស អ្នកនាង អាមប៊ីកា សាតគូណាណាថាន បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប៉ូលិសកំពុងចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរតូចតាចប៉ុណ្ណោះ មិនផ្តោតលើអ្នកជួញដូរទ្រង់ទ្រាយធំទេ។

ទន្ទឹមគ្នា អាជ្ញាធរជឿជាក់ថា ប្រទេសដីកោះមហាសមុទ្រឥណ្ឌាមួយនេះ ត្រូវបានគេប្រើប្រាស់ជាចំណុចឆ្លងកាត់ការជួញដូរគ្រឿងញៀន។ តួយ៉ាង ការបង្រ្កាបគ្រឿងញៀនដ៏ធំបំផុតរបស់ស្រីលង្កា គឺនៅខែធ្នូ ឆ្នាំ២០១៦ ដោយប៉ូលិសរឹបអូសបានកូកាអ៊ីនរហូតដល់ ៨០០គីឡូក្រាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ