លោក បៃដិន ចោទក្រុមហ៊ុនប្រេងថាកេងចំណេញពីសង្រ្គាមនៅអ៊ុយក្រែនហើយគំរាមយកពន្ធឱ្យច្រើន
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគំរាមយកពន្ធខ្ពស់លើប្រាក់ចំណេញថ្មីពីក្រុមហ៊ុនប្រេងនិងហ្គាសធំៗ លុះត្រាតែពួកគេបង្កើនផលិតកម្មដើម្បីទប់ស្កាត់ការហក់ឡើងនៃតម្លៃប្រេងដែលសំខាន់ខ្លាំងសម្រាប់រដ្ឋបាលបៃដិនមុនពេលការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០១ វិច្ឆិកា ២០២២។
លោកប្រធានាធិបតី បានរិះគន់ក្រុមហ៊ុនយក្ស ខណៈក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនទាំងនោះបានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណេញចុងក្រោយបំផុត ដែលលោកបានហៅថាជាក្រុមហ៊ុនដ៏គួរឲ្យសង្វេគដែលកេងប្រវ័ញ្ចពី សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកបានព្រមានពួកគេឲ្យប្រើប្រាស់ប្រាក់នេះដើម្បីពង្រីកការផ្គត់ផ្គង់ប្រេងឬប្រគល់វាឲ្យអ្នកប្រើប្រាស់វិញក្នុងទម្រង់នៃការកាត់បន្ថយតម្លៃប្រេង។
មិនត្រឹមតែប៉ុណ្ណេះ ខណៈដែលក្រុមហ៊ុនថាមពលយក្សមួយចំនួនរាយការណ៍ពីកំណើននៃប្រាក់ចំណូល លោក បៃដិន បានចោទប្រកាន់ថាទាំងនោះ ថាកេងយកផលប្រយោជន៍ពីសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ លោកព្រមានឱ្យក្រុមហ៊ុនប្រើប្រាស់ប្រាក់ចំណេញដើម្បីពង្រីកផលិតកម្មប្រេង ឬបន្ថយតម្លៃប្រេងនៅតាមស្ថានីយ៍ចាក់សាំង ឬហ្គាស។