បេរូត៖ អ៊ីស្រាអែលវាយប្រហារលើគោលដៅរាប់សិបទីតាំងរបស់ក្រុម ហេសបូឡាក្នុងប្រទេសលីបង់ ដោយបានសម្លាប់អភិបាលក្រុងមួយរូប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ តុលា ២០២៤។
គោលដៅរាប់សិបកន្លែងរបស់ក្រុមហេសបូឡាក្នុងប្រទេសលីបង់ រងការវាយប្រហារពីអ៊ីស្រាអែល ដោយបានសម្លាប់អភិបាលក្រុងមួយរូប កម្ទេចអគារ និងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅតំបន់ភាគខាងត្បូង។
ការវាយប្រហារចុងក្រោយនេះ កើតឡើងនៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង បន្ទាប់ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់បានរងរបួស និងវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា។
យោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើគោលដៅរបស់ក្រុម ហេសបូឡា រាប់សិបកន្លែងនៅក្នុងទីក្រុង Nabatiyeh ភាគខាងត្បូងប្រទេសលីបង់ ជាទីដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត Amal កាន់កាប់។
ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្ស ១៦នាក់បានស្លាប់ និង ៥២នាក់រងរបួស នៅក្នុងការវាយប្រហារលើអគារចំនួនពីរនៅក្នុងទីក្រុងនេះ។
យោងតាមក្រុមមន្ត្រី និងរបាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់នៅក្នុងការវាយប្រហារផ្សេងទៀត។ អភិបាលក្រុង Nabatiyeh ស្ថិតក្នុងចំណោមអ្នកស្លាប់។
ភ្លើងសង្គ្រាមបណ្តាលឲ្យមនុស្សយ៉ាងតិច ១.៣៧៣នាក់ស្លាប់ក្នុងប្រទេសលីបង់ នេះ បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលលីបង់ បើទោះជាចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាខ្ពស់ជាងនេះក៏ដោយ៕RT