ព្រឹទ្ធសភាអាមេរិកថា គ្មានទេជំនួយសម្រាប់អ៊ុយក្រែនមុនដំណាច់ឆ្នាំ ២០២៣
អាមេរិក៖ ព្រឹទ្ធសភាអាមេរិកនឹងមិនបោះឆ្នោតលើកញ្ចប់ជំនួយថ្មីបន្ថែមទៀតដល់អ៊ុយក្រែនឡើយមុនដំណាច់ឆ្នាំ ២០២៣នេះ។ មេដឹកនាំព្រឹទ្ធសភាអាមរិក បាននិយាយនាខណៈពេលនេះអ្នកចរចាពីខាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋកំពុងបន្តការងារសម្របសម្រួលរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី២២ ធ្នូ ២០២៣។
តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំព្រឹទ្ធសភាបក្សប្រជាធិបតេយ្យលោក Chuck Schumer និងលោក Mitch McConnell ពីបក្សសាធារណរដ្ឋបានលើកឡើងថា «នៅខណៈពេលដែលក្រុមអ្នកចរចាកំពុងធ្វើការលើបញ្ហាដែលនៅសេសសល់ គេសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអាមេរិកនឹងជួយឱ្យព្រឹទ្ធសភាអាចចាត់វិធានការបានយ៉ាងឆាប់រហ័សនិងដោយរលូន … នៅដើមឆ្នាំថ្មី»។
ទាក់ទងរឿងនេះដែរ សេតវិមានបានក្រើនរំឭកថា នៅចុងឆ្នាំ ២០២៣ ជំនួយបន្ថែមរបស់អាមេរិកនឹងគ្មានទៀតឡើយសម្រាប់អ៊ុយក្រែនដើម្បីយកទៅដណ្តើមទឹកដីដែលរុស្ស៊ីចូលកាន់កាប់ចាប់តាំងពីឆ្នាំ ២០២២ មក។
គួរបញ្ជាក់ថា សំណើជំនួយសម្រាប់អ៊ុយក្រែនរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក្នុងចំនួន៦១ ពាន់លានដុល្លារផ្សេងទៀតក៏ត្រូវបានជាប់គាំងនៅក្នុងសភាដែរ។ ក្រុមអ្នកសាធារណរដ្ឋនិយាយថា បញ្ហានេះ ត្រូវគិតគូរផ្ទៀងផ្ទាត់គ្នាជាមួយនឹងបញ្ហាគ្រប់គ្រងអន្តោប្រវេសន៍ដ៏តឹងរ៉ឹងនៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក៕