រន្ធត់ណាស់! ខ្មាន់កាំភ្លើងមួយក្រុមបានចូលទៅវាយប្រហារស្ថានីយទូរទស្សន៍មួយពេលកំពុងផ្សាយផ្ទាល់ ក្នុងប្រទេសអេក្វាឌ័រ
បរទេស៖ ឧក្រិដ្ឋជនមួយក្រុមបានកាន់ប្រដាប់អាវុធវាយប្រហារស្ថានីយទូរទស្សន៍មួយក្នុងប្រទេសអេក្វាឌ័រ នៃទ្វីបអាមេរិកឡាទីន ស្របពេលកំពុងផ្សាយផ្ទាល់ ដោយគម្រាមកំហែងបុគ្គលិកនៅទីនោះឱ្យក្រាបនិងលត់ជង្គង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១០ មករា ២០២៤។
ស្ថានភាពនៅក្នុងប្រទេសអេក្វាឌ័រនាពេលថ្មីៗនេះគឺមានភាពវឹកវរជាខ្លាំង ដោយប្រធានាធិបតី Daniel Nobua បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីប៉ុន្មានថ្ងៃមុន ដោយសារមេដឹកនាំឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំម្នាក់ឈ្មោះ José Adolfo Macias ឬគេហៅថា “Fito” បានរត់ចេញពីគុក ខណៈពេលដែលកំពុងជាប់ពន្ធនាគាររយៈពេល ៣៤ ឆ្នាំ។
ហេតុការណ៍ដែលធ្វើឱ្យមេដឹកនាំឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំម្នាក់នេះ រត់ចេញពីគុកបាន គឺដោយសារការផ្ទេរគាត់ទៅតំបន់ផ្សេងទៀតនៅក្នុងពន្ធនាគារសន្តិសុខអតិបរមាដូចគ្នា។ ដូច្នេះហើយ ការរត់គេចរបស់ Fito បានបង្កឱ្យមានភាពចលាចលពេញប្រទេស ដោយថ្មីៗនេះក្រុមឧក្រិដ្ឋជនជាច្រើនបានចាប់ជំរិតប៉ូលីស និងធ្វើការបះបោរនៅក្នុងពន្ធនាគារផ្សេងទៀត ក៏ដូចជាមានទាំងប្រដាប់អាវុធដូចជា កាំភ្លើង និងគ្រាប់បែក ពាក់របាំងមុខអុកឡុកពេញទីក្រុង ដែលធ្វើឱ្យរដ្ឋាភិបាលសម្រេចដាក់ប្រទេសក្នុងភាពអាសន្ន។
បន្ទាប់មកនៅថ្ងៃទី៩ ខែមករា ក្រុមបុរសប្រដាប់អាវុធទាំងអស់នោះក៏បានចូលទៅក្នុងស្ថានីយ៍ទូរទស្សន៍ TC នៅ Guayaquil ខេត្ត Guayas នៃប្រទេសអេក្វាឌ័រ ដោយបាញ់កាំភ្លើងទៅលើជញ្ជាំង ដើម្បីគម្រាមកំហែងបុគ្គលិកនៅទីនោះឱ្យក្រាបនិងលត់ជង្គង់។ មិនយូរប៉ុន្មានក្រុមឧក្រិដ្ឋជនទាំងនោះក៏ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធ និងចាប់ខ្លួនបានផងដែរ ខណៈបុគ្គលិកត្រូវបានជម្លៀសចេញពីស្ថានីយទូរទស្សន៍ដោយសុវត្ថិភាពហើយ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអាជ្ញាធរនូវមិនទាន់រកឃើញទីតាំងដែលមេដឹកនាំឧក្រិដ្ឋជនគ្រឿងញៀនដ៏ធំម្នាក់នោះរត់គេចខ្លួននោះទេ៕RT