ភ្នំពេញ ៖ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៤២៤ ០០០ តោន គិតជាទឹកប្រាក់ ៥៤៣ លានដុល្លារ កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤នេះថា ការនាំចេញស្វាយចន្ទីរយៈពេល ៣ ខែដើមឆ្នាំនេះ មានការកើនឡើង ១៣% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបញ្ជាក់ថា ការកើនឡើងនេះ ដោយសារកាលពីដើមខែកុម្ភៈ ខណៈតម្លៃចន្ទីកំពុងដាំក្បាលចុះ សមាគមបានអំពាវនាវឱ្យសមាជិកដែលមានលទ្ធភាព ហាលគ្រាប់ចន្ទីទុក ដោយកុំលក់ប្រជែងជាមួយកសិករ ដើម្បីកុំឱ្យឈ្មួញបរទេសឆ្លៀតឱកាសទម្លាក់ថ្លៃ។

លោក អួន ស៊ីឡុត ប្រាប់ថា នៅពេលដែលសមាជិកសមាគមចាប់ផ្ដើមហាលគ្រាប់ទុក ធ្វើឱ្យលំហូរគ្រាប់ឆៅនាំចេញទៅវៀតណាមធ្លាក់ចុះរហូតដល់ ៣២ ភាគរយក្នុងខែកុម្ភៈ លុះរហូតដល់ពាក់កណ្ដាលខែ ៣ តម្លៃចាប់រើបឡើងវិញ ខណៈបច្ចុប្បតម្លៃគ្រាប់សើមបានឡើងដល់ ៥ ០០០ រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំនេះ។ រីឯតម្លៃមធ្យមគ្រាប់ស្ងួត ១ ២០០ ដុល្លារ ក្នុង១តោន។

យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជានៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ