ប៉េកាំង៖ គ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ វាយប្រហារតាមបណ្តោយតំបន់ជួរភ្នំព្រំដែនរវាងប្រទេសចិន-កៀហ្ស៊ីស៊ីស្ថាន ធ្វើឱ្យមនុស្សយ៉ាងហោចណាស់បីនាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៣ មករា ២០២៤។

អាជ្ញាធរក្នុងតំបន់បានបញ្ជូនកងកម្លាំងមួយក្រុមទៅកាន់ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ខណៈដែលមនុស្សប្រហែល ៨០០នាក់ ត្រៀមខ្លួនបំពេញបេសកកម្មសង្គ្រោះគ្រោះមហន្តរាយដ៏ធំណាមួយ។

គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងនៅម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករានេះ ក្នុងជម្រៅ ១៣គីឡូម៉ែត្រនៅក្នុងតំបន់ Xinjiang របស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Aksu។

ដោយឡែកនៅក្បែរប្រទេសកាហ្សាក់ស្ថានឯណោះវិញ ក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់ បានរាយការណ៍ពីករណីរញ្ជួយដីថ្មីចុងក្រោយកម្រិត ៦.៧រ៉ិចទ័រ។ អ្នកស្រុកនៅទីក្រុងដ៏ធំបំផុតរបស់កាហ្សាក់ស្ថាន គឺអាល់ម៉ាទី បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយប្រមូលផ្តុំនៅខាងក្រៅ ទោះបីជាមានអាកាសធាតុត្រជាក់ក្តី។

ប៉ុន្តែគ្មានសេចក្តីរាយការណ៍អំពីការខូចខាតនោះទេ។ ក្រោយមកប្រហែល ៣០នាទីក៏មានការរញ្ជួយដីនៅប្រទេសអ៊ូសបេគីស្ថានផងដែរ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ តំបន់ Xinjiang បានរងនូវការវាយប្រហារដោយការរញ្ជួយដីក្នុងកម្រិតខុសៗគ្នាប៉ុន្មានលើករួចមកហើយ។ ការរញ្ជួយដីនៅថ្ងៃអង្គារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការរអិលបាក់ដីបានកប់មនុស្សរាប់សិបនាក់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់នៅភាគនិរតីនៃប្រទេសចិន។

សូមរម្លឹកថា ការរញ្ជួយដីនៅខែធ្នូ នៅភាគពាយព្យនៃប្រទេសចិន បានសម្លាប់មនុស្ស ១៤៨នាក់ និងរាប់ពាន់នាក់ទៀតផ្លាស់ទីលំនៅ នៅក្នុងខេត្ត កានស៊ូ។ ការរញ្ជួយដីកាលនោះ មានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលមនុស្សជាង ៦០០នាក់បានស្លាប់នៅក្នុងខេត្តយូណាន ភាគនិរតី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ