ភ្នំពេញ ៖ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅតាមសន្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានកើតឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ។ ក្នុងនោះ គិតត្រឹមរសៀលថ្ងៃទី១៨ តុលានេះ ជំនន់ស្ទឹងព្រែកត្នោត ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦០គ្រួសារ នៅក្នុងសង្កាត់គងនយ និងសង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

របាយការណ៍របស់អាជ្ញាធរ បានបង្ហាញពីផលប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោត នៅ ២សង្កាត់ រួមមាន៖ ១-សង្កាត់គងនយ ទឹកលិចនៅ ៣ភូមិ ប៉ះពាល់ខ្នងផ្ទះ ចំនួន ២៥ ដែលមានប្រជាពលរដ្ឋ ៣០គ្រួសារ និងមនុស្ស ១៣៩នាក់។ ២-សង្កាត់ស្ពានថ្ម ទឹកលិច ៤ភូមិ ចំនួនខ្នងផ្ទះ ៣៣ ចំនួនគ្រួសារ ៣៣ និងមនុស្សចំនួន ១៥១នាក់។

ចំពោះមុខគ្រោះទឹកជំនន់តាមស្ទឹងព្រែកត្នោតនេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរសមត្ថកិច្ចខណ្ឌដង្កោ និងអាជ្ញាធរសង្កាត់ ភូមិ បានចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងរៀបចំជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋទាំងនោះផងដែរ។

រដ្ឋបាលសង្កាត់ស្ពានថ្ម បានប្រកាស ជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកម្ពស់ទឹកឡើងខ្ពស់។

រដ្ឋបាលសង្កាត់ស្ពានថ្ម បានប្រកាសអំពាវនាវប្រជាពលរដ្ឋរស់នៅជាប់ដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ និងសត្វពាហនៈ ទ្រព្យសម្បត្តិមួយចំនួនទៀត សូមរកទីទួលសុវត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ