ប្រធានាធិបតីប៉ាឡេស្ទីនជំរុញឱ្យលោក ចូ បៃដិន អន្តរាគមន៍បញ្ឈប់អំពើប្រល័យពូជសាសន៍នៅហ្គាហ្សា
រ៉ាម៉ាឡាហ៍៖ មេដឹកនាំប៉ាឡេស្ទីនអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ នៅក្នុងសន្ទករថាតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ បានថ្លែងថា អ្វីដែលប្រជាជនរបស់យើងកំពុងស៊ូទ្រាំ នោះគឺការស្លាប់ និងការបំផ្លិចបំផ្លាញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២០ វិច្ឆិកា ២០២៣។
លោកបានសួរ ថាតើអាមេរិកកំពុងរង់ចាំអ្វី នៅចំពោះមុខអំពើប្រល័យពូជសាសន៍ ដែលកំពុងបន្តប្រឆាំងនឹងប្រជាជនរបស់យើងនៅហ្គាហ្សា។ តើនេះមិនមែនជាការបង្ហូរឈាមកុមារ ស្ត្រី និងមនុស្សចាស់មែនទេ គ្រប់គ្រាន់ហើយ ដើម្បីដាស់មនសិការរបស់ពិភពលោក។ ប្រធានាធិបតីប៉ាឡេស្ទីនរូបនេះ បានសង្កត់ធ្ងន់ទៀតថា ថ្ងៃនេះ ខ្ញុំអំពាវនាវទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលទទួលបន្ទុកពិសេសលើការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងមានឥទ្ធិពលលើអ៊ីស្រាអែល ធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ឈប់ការឈ្លានពាននេះ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ កាលពីថ្ងៃទី០៧ ខែតុលា នៅពេលពួកគេបានឆ្លងកាត់ព្រំដែនយោធារបស់ហ្គាហ្សា ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដើម្បីសម្លាប់មនុស្សប្រហែល ១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែលកំពុងទម្លាក់គ្រាប់បែកឥតឈប់ឈរ និងការវាយលុកលើគោលដៅនានានៅតំបន់ហ្គាហ្សាស្ទ្រីប ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស ១២,៣០០នាក់៕