សហរដ្ឋអាមេរិកកម្ទេចមីស៊ីល ១៤គ្រាប់របស់ក្រុមហ៊ូទីនៅយេម៉ែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនចាត់ទុកក្រុមឧទ្ទាមហ៊ូទី ជា “ក្រុមភេរវករសាជាថ្មី” ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក
វ៉ាស៊ីនតោន៖ យោធាអាមេរិកនិយាយថា កងកម្លាំងខ្លួនបានបំផ្លាញមីស៊ីលចំនួន ១៤គ្រាប់ ដែលត្រៀមរួចរាល់ក្នុងការវាយប្រហារ នៅក្នុងប្រទេសយេមែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនចាត់ទុកក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ជា “ក្រុមភេរវករសាជាថ្មី”។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ មករា ២០២៤។
ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាមេរិកបានធ្វើប្រតិបត្តិការកម្ទេចមីស៊ីលចំនួន ១៤គ្រាប់នៅឯទីតាំងផ្ទុកគ្រាប់មីស៊ីលដើម្បីវាយប្រហារ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេមែន។
ទីបញ្ជាការ CENTCOM បន្ថែមថា មីស៊ីលដែលត្រៀមបាញ់ឆាប់ៗនេះ នឹងបង្កការគំរាមកំហែងដល់នាវាពាណិជ្ជករ និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ ទើបជំរុញឱ្យកងកម្លាំងអាមេរិកអនុវត្តសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារខ្លួន។ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកក៏ចាត់ថ្នាក់ក្រុមឧទ្ទាមហ៊ូទី ជា “ក្រុមភេរវករសាជាថ្មី” បន្ទាប់ពីបានលុបឈ្មោះក្រុមនេះ ចេញពីបញ្ជីអង្គការភេរវកម្មរបស់ខ្លួនកាលពីឆ្នាំ ២០២១។
ការសម្រេចចិត្តខាងលើ កើតឡើងចំពេលដែលក្រុមឧទ្ទាមយេម៉ែនមួយនេះ នៅតែបន្តសកម្មភាពវាយប្រហារនាវាពាណិជ្ជកម្ម និងនាវាយោធានៅឯតំបន់សមុទ្រក្រហម។ ក្រុមហ៊ូទីបានអះអាងថា ការវាយប្រហាររបស់ខ្លួននៅសមុទ្រក្រហម គឺដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងគ្រោះក្នុងសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទី្រប៕