WTO អំពាវនាវឱ្យមានការឯកភាពគ្នា ចំពេលមានភាពតានតឹងភូមិសាស្ត្រ
បរទេស៖ ក្រុមមន្ត្រីពាណិជ្ជកម្មកំពូលៗរបស់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ WTO កាលពីថ្ងៃចន្ទ បានចាប់ផ្តើមជួបប្រជុំគ្នា នៅទីក្រុង Abu Dhabi នៅប្រទេសអាមីរ៉ាត់ អារ៉ាប់រួម ដោយគ្រោងនឹងមានរយៈពេល ៤ថ្ងៃ ពោលគឺរហូតដល់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៤ កុម្ភ: ២០២៤។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ អគ្គនាយករបស់អង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala មានប្រសាសន៍ថា ពិភពលោកស្ថិតក្នុង «កន្លែងដ៏តឹងតែង សព្វថ្ងៃនេះ» បើប្រៀបធៀបទៅនឹង កាលពីពីរឆ្នាំមុន។
លោកស្រី បានបន្តថា «ពហុភាគីនិយមកំពុងស្ថិតក្រោមការវាយប្រហារ» ដោយគូសបញ្ជាក់ពីតម្រូវការ «កំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី» និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកស្រីបានបន្ថែមទៀតថា «ប្រសិនបើយើងបែកខ្ញែកគ្នា វានឹងខាតបង់ខ្លាំងដល់ពិភពលោក ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ»។
លោកស្រីមិនបាននិយាយចំៗ លើបញ្ហាភូមិសាស្ត្រនយោបាយទេ ប៉ុន្តែភាពតានតឹងបានកើនក្នុងសង្គ្រាមនៅហ្គាហ្សា និងការវាយប្រហារពាក់ព័ន្ធដោយពួកឧទ្ទាម ហ៊ូធី លើនាវានៅសមុទ្រក្រហម ព្រមទាំងការអូសបន្លាយសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន និងឥទ្ធិពលនៃក្រុមមហាអំណាច លើសង្គ្រាមទាំងនេះ ជាដើម។ WTO សង្ឃឹមថា នឹងមានការរីកចម្រើនខ្លះៗ ជាពិសេស លើការនេសាទ កសិកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក។
យ៉ាងណាមិញ កិច្ចព្រមព្រៀងធំដុំ ទំនងជាមិនកើតមានទេ ដោយសារតែច្បាប់របស់ស្ថាប័នមួយនេះ ទាមទារឲ្យមានការឯកភាពពេញលេញ ក្នុងចំណោមរដ្ឋសមាជិកទាំង ១៦៤ ទាក់ទិននឹងបញ្ហាអាកាសធាតុ ជាចម្បង។ លោក Marcelo Olarreaga សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យហ្សឺណែវ បាននិយាយថា លោកមិនមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងដ៏សំខាន់ នឹងត្រូវបានប្រកាសចេញនោះទេ៕