បរទេស៖ លោក Lula ប្រធានាធិបតីនៃប្រទេសប្រេស៊ីលបានចោទប្រកាន់ចំៗ លើអ៊ីស្រាអែលថា បាននិងកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានតបវិញថា គឺជាចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងគួរឲ្យអាម៉ាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៩ កុម្ភ: ២០២៣។

លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ថែមទាំងបានប្រៀបធៀបសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែល ដូចទៅនឹងយុទ្ធនាការរបស់ លោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) មេដឹកនាំផ្ដាច់ការជនជាតិអាល្លឺម៉ង់ កាលពីពេលដែលមានការសម្លាប់ជនជនជាតិជ្វីហ្វ។ លោកបញ្ជាក់ថា នេះមិនមែនជាសង្រ្គាមទេ វាគឺជាការប្រល័យពូជសាសន៍។ បុរសឆ្វេងនិយម វ័យ៧៨ឆ្នាំរូបនេះ បានបន្ថែមថា «វាមិនមែនជាសង្រ្គាមរវាងទាហាននិងទាហាននោះទេ។ វាជាសង្រ្គាមរវាងកងទ័ព និងស្ត្រី ព្រមទាំងកុមារ» ។

ជាការឆ្លើយតប កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅការអត្ថាធិប្បាយរបស់លោក Lula ថា «គួរឱ្យអាម៉ាស់ និងធ្ងន់ធ្ងរ» ហើយបាននិយាយថា រដ្ឋាភិបាលរបស់លោកបានទូរស័ព្ទទៅកាន់ឯកអគ្គរដ្ឋទូតប្រេស៊ីល ដើម្បីបញ្ជាក់លម្អិតពីរឿងនេះ។

លោក Lula បានប្រាប់អ្នកយកព័ត៌មាន អំពីការចោទប្រកាន់បែបនេះ នៅទីក្រុង Addis Ababa ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់សហភាពអាហ្រ្វិក។ ការអត្ថាធិប្បាយរបស់លោកបានទាក់ទាញការសរសើរពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលចាត់ទុកការចោទនេះ ជាការពិពណ៌នា ត្រឹមត្រូវ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ