បរទេស៖ គណៈកម្មាធិការការពារអ្នកកាសែត ហៅកាត់ CPJ បាននិយាយថា អ្នកកាសែត យ៉ាងតិចណាស់ ៥០នាក់ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២២ វិច្ឆិកា ២០២៣។

គណៈកម្មាធិការការពារអ្នកកាសែត (Committee to Protect Journalists) បាននិយាយថា អ្នកសារព័ត៌មាន យ៉ាងតិចណាស់ ចំនួន៥០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីជម្លោះបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើង កាលពីខែមុន។

គណៈកម្មាធិការការពារអ្នកកាសែត បានអះអាងបន្ថែមទៀតថា នេះគឺជាខែដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែត ចាប់តាំងពីក្រុមសេរីភាពសារព័ត៌មានមួយនេះ បានចាប់ផ្តើមតាមដានការស្លាប់របស់អ្នកកាសែត នៅក្នុងឆ្នាំ ១៩៩២។

CPJ បានកត់សម្គាល់ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ថា អ្នកកាសែត៥ នាក់ត្រូវបានសម្លាប់ ដែលជាថ្ងៃដែលស្លាប់បំផុតមួយ នៃជម្លោះនេះ។ ប្រភពបន្តថា ថ្ងៃដែលស្លាប់ច្រើនបំផុត គឺនៅថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមហាម៉ាសបានបើកការវាយប្រហារភេរវកម្មដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនទៅលើអ៊ីស្រាអែល ដោយនៅពេលនោះ មានអ្នកកាសែត ៦ នាក់ត្រូវបានសម្លាប់។

CPJ បាននិយាយថា ខ្លួនបានផ្ទៀងផ្ទាត់របាយការណ៍ពីការស្លាប់អ្នកកាសែត តាមរយៈធ្វើសម្ភាសន៍ជាមួយប្រភពនៅក្នុងតំបន់ និងដកស្រង់របាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយនានា។

គណៈកម្មាធិការការពារអ្នកកាសែត CPJ ក៏បានចុះផ្សាយឈ្មោះអ្នកកាសែតដែលត្រូវគេសម្លាប់រួមនឹងស្ថានភាពនៃការស្លាប់របស់ពួកគេ នៅលើគេហទំព័ររបស់ខ្លួន ទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ