អ៊ីរ៉ង់បង្ហាញយន្តហោះដ្រូនបំពាក់មីស៊ីលដ៏ទំនើប ចំពេលមានភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា
តេហេរ៉ង់៖ អ៊ីរ៉ង់បានពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ដោយដាក់បន្ថែមយន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូនប្រយុទ្ធបំពាក់មីស៊ីលដ៏ទំនើប ទៅកាន់ឃ្លាំងអាវុធរបស់ប្រទេសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ធ្នូ ២០២៣។
យន្តហោះដ្រូន Karrar រាប់សិបគ្រឿងបំពាក់ដោយមីស៊ីល នឹងត្រូវដាក់ពង្រាយ ដើម្បីការពារដែនអាកាសនៅតាមតំបន់ព្រំដែនទាំងអស់របស់ប្រទេសអ៊ីរ៉ង់។ យន្តហោះដ្រូនដែលហោះហើរបានចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ និងវាយប្រហារបានចម្ងាយ ៨គីឡូម៉ែត្រនេះ ដាក់តាំងបង្ហាញនៅថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្នុងអំឡុងពិធីមួយដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ រៀបចំឡើងនៅសាលាយោធាក្នុងរដ្ឋធានីតេហេរ៉ង់។
សារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ អាប់ឌុលរ៉ាហ៊ីម ម៊ូសាវី ថា ឥឡូវនេះ សត្រូវនឹងត្រូវគិតឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេ ដោយសារតែកងកម្លាំងអ៊ីរ៉ង់កាន់តែមានអំណាចខ្លាំងក្លា។
យ៉ាងណាមិញ ការអភិវឌ្ឍន៍ឃ្លាំងអាវុធរបស់ប្រទេសអ៊ីរ៉ង់នេះដែរ បានបង្កការព្រួយបារម្ភក្នុងចំណោមប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាសត្រូវរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ក្រោយមកទៀតបានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់យន្តហោះដ្រូនដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ជាពិសេសចំពោះក្រុមហេសបូឡា ក្រុមស៊ីអ៊ីតលីបង់ និងក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន៕