ប្រមុខ WHO និយាយថា ពិភពលោកគួរតែត្រៀមខ្លួន ទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) និយាយថា ពិភពលោកគួរតែត្រៀមខ្លួន ទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត បន្ទាប់ពីវិបត្តិកូវីដ-១៩រយៈពេល៣ឆ្នាំ ដែលមានទាំងការឈឺចាប់ និងការបាត់បង់ជីវិតមនុស្ស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ធ្នូ ២០២៣។
នៅក្នុងសារចុងឆ្នាំរបស់ខ្លួន អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និយាយថា ឆ្នាំ២០២៣ បានកត់សម្គាល់ចំណុចរបត់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមផ្នែកសុខភាពសំខាន់ៗ ដែលនាំមកនូវទុក្ខវេទនាដ៏ធំធេង និងមិនអាចជៀសវាងបាន។
លោក ថេដ្រូស ក្រើនរំលឹកថា នេះគឺជាចំណុចរបត់មួយសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិកូវីដរយៈពេលបីឆ្នាំ ការឈឺចាប់ និងការបាត់បង់ជីវិតមនុស្សនៅគ្រប់ទីកន្លែង។ ប៉ុន្តែខ្ញុំរីករាយដែលបានឃើញជីវិតមនុស្ស វិលមករកភាពប្រក្រតីវិញ។ លោក ថេដ្រូស បានប្រកាសបញ្ចប់ជំងឺ Covid-19 ជាគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិក្នុងខែឧសភា។
លោក ថេដ្រូស បន្តថា បន្ទាប់ពីរយៈពេល ១០ខែ WHO ក៏បានលុបចោលភាពអាសន្នស្រដៀងគ្នានេះ លើជំងឺអុតស្វា ឬ mpox នៅក្នុងខែឧសភា ឆ្នាំ២០២៣ ខណៈដែលទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានអនុម័តវ៉ាក់សាំងថ្មី សម្រាប់ជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺរលាកស្រោមខួរ។ ដោយឡែក ពាក់ព័ន្ធការត្រៀមខ្លួន និងការឆ្លើយតបក្នុងគ្រាអាសន្ន គម្លាតនៅតែមាន ក្នុងការរៀបចំខ្លួនរបស់ពិភពលោក ដើម្បីទប់ស្កាត់ជំងឺរាតត្បាតបន្តបន្ទាប់។
លោក ថេដ្រូស បន្ថែមថា ក្នុងឆ្នាំ២០២៤ នឹងផ្តល់ឱកាសពិសេសមួយ ដើម្បីដោះស្រាយគម្លាតទាំងនេះ ជាមួយនឹងប្រទេសនានាដែលកំពុងចរចាកិច្ចព្រមព្រៀងជាសាកលលើកដំបូងដែលមិនធ្លាប់មាន លើការគំរាមកំហែងនៃជំងឺរាតត្បាត។ បើតាមលោក Tedros កិច្ចព្រមព្រៀងជំងឺរាតត្បាតកំពុងត្រូវបានរៀបចំឡើង ដើម្បីផ្សារភ្ជាប់ចន្លោះប្រហោង ក្នុងកិច្ចសហប្រតិបត្តិការ និងសមធម៌ជាសកល៕