រោងចក្រនុយក្លេអ៊ែរហ្សាប៉ូហ្សាគ្រប់គ្រងដោយរុស្ស៊ី ត្រូវរងការខូចខាត បន្ទាប់ពីការវាយប្រហារដោយ យានដ្រូន
អន្តរជាតិ៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីហ្សា(Zaporizhzhia) ត្រូវបានខូចខាត នៅក្នុងការវាយដោយយានដ្រូ ដោយហៅការវាយប្រហារនេះថា «ជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ ក្នុងការធ្វើឲ្យខូចដល់ភាពរឹងមាំនៃប្រព័ន្ធទប់ស្កាត់របស់ម៉ាស៊ីនរ៉េអាក់ទ័រ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ មេសា ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះទៅកាន់បណ្តាញសង្គម X ទីភ្នាក់ងារ IAEA បានសង្កត់ធ្ងន់ថា ការខូចខាតនៅឯកន្លែងគ្រប់គ្រងដោយរុស្ស៊ី «មិនបានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនុយក្លេ អ៊ែរទេ»។
លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារនេះ បាននិយាយនៅលើបណ្តាញ Xថា ការវាយប្រហារដោយយានដ្រូនរួមមានការប៉ះទង្គិចដោយផ្ទាល់ចំនួនបីប្រឆាំងនឹងកន្លែងផ្ទុករ៉េអាក់ទ័រសំខាន់របស់រោងចក្រ ហើយមនុស្សម្នាក់ បានស្លាប់ ដោយសារការវាយប្រហារនេះ។
លោក Grossi បានបញ្ជាក់ថា“នេះគឺជាការរំលោភយ៉ាងច្បាស់លើគោលការណ៍ជាមូលដ្ឋានសម្រាប់ការការពារដ៏ធំបំផុតរបស់អឺរ៉ុប(រោងចក្រថាមពលនុយក្លេអ៊ែរ)។ ការវាយប្រហារដោយខ្វះការពិចារណាបែបនេះ បង្កើនហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរដ៏ធំមួយ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់»។
យ៉ាងណាមិញ អាជ្ញាធររុស្ស៊ី បានចោទយោធាអ៊ុយក្រែនថា បានធ្វើការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងរោងចក្រនេះដោយយានដ្រូន «បំផ្ទុះដោយខ្លួនឯង» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើ បណ្តាញ Telegram ផ្លូវការរបស់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូហ្សា (ZNPP)៕