វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអង់គ្លេស ចាប់ផ្តើមការវាយប្រហារសាជាថ្មីលើក្រុមហ៊ូទី របស់ប្រទេសយេម៉ែន ដោយនិយាយថា សកម្មភាពយោធារួមគ្នាជុំទីពីរប្រឆាំងនឹងពួកឧទ្ទាម ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនេះ ជាការឆ្លើយតបនឹងការបន្តវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ មករា ២០២៤។

ការវាយប្រហារចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក និងអង់គ្លេសនេះ គឺប្រឆាំងនឹងគោលដៅរបស់ពួកហ៊ូទីចំនួន ៨ នៅក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបនឹងការបន្តវាយប្រហាររបស់ពួកឧទ្ទាមនេះ ទៅលើនឹងការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនអន្តរជាតិ ព្រមទាំងនាវាកងទ័ពជើងទឹកដែលឆ្លងកាត់សមុទ្រក្រហម។

សេចក្តីថ្លែងការណ៍ដដែលបន្តថា សកម្មភាពយោធានេះបានកំណត់គោលដៅលើឃ្លាំងក្រោមដី, ទីតាំងមីស៊ីល និងមជ្ឈមណ្ឌលឈ្លបយកការណ៍របស់ក្រុមហ៊ូទី។ បើតាមសេចក្តីថ្លែងការណ៍ខាងលើ ការវាយប្រហារដ៏ជាក់លាក់ទាំងនេះ មានគោលបំណងរំខាន និងបំផ្លាញលទ្ធភាព ដែលក្រុមហ៊ូទីប្រើដើម្បីគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មពិភពលោក និងអាយុជីវិតរបស់ទាហានជើងទឹកស្លូតត្រង់ ខណៈក្រុមឧទ្ទាមកំពុងអនុវត្តសកម្មភាពខុសច្បាប់ គ្រោះថ្នាក់ និងអស្ថិរភាព។

គួរបញ្ជាក់ថា ក្រុមហ៊ូទីបានចាប់ផ្តើមវាយប្រហារលើកប៉ាល់ពាណិជ្ជករក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនិយាយថា ពួកគេឆ្លើយតបទៅនឹងប្រតិបត្តិការជើងគោករបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ ចាប់តាំងពីពេលនោះមក ក្រុមនេះ បានបើកការវាយប្រហាររាប់សិបលើក ទៅលើនាវាដឹកប្រេងពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ