លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិត្រូវអនុវត្តទៅតាមនីតិវិធីនៃការតម្លើងឋានន្តរស័ក្តិរបស់មន្ត្រីនគរបាលជាតិកម្ពុជា ជៀសវាងមានការឡើងឋានន្តរស័ក្តិច្រើនដងក្នុងមួយឆ្នាំសម្រាប់មន្ត្រីម្នាក់។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកបានគូសបញ្ជាក់ថា រយៈពេលនៃការតម្លើងឋានន្តរស័ក្តិនៃថ្នាក់នីមួយៗ ត្រូវមានលក្ខណៈសមរម្យ និងត្រឹមត្រូវ ដោយលោកបានលើកឡើងថា «ការតម្លើងឋានន្តរស័ក្តិត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់មន្ត្រីនគរបាលជាតិ ដែលមានចែងរយៈកាលក្នុងការតម្លើងឋានន្តរស័ក្តិនៃថ្នាក់នីមួយៗ ជៀសវាងមួយឆ្នាំឡើងពីរដង»។ លោកបានបន្តថា នេះមិនមែនអនុវត្តសម្រាប់តែអគ្គលេខាធិការដ្ឋានមួយនោះទេ សម្រាប់អគ្គនាយកដ្ឋានផ្សេងក៏ដូចគ្នា។ ដោយឡែក សម្រាប់អ្នកដែលទទួលបន្ទុកលើលិខិតនៃការតម្លើងឋានន្តរស័ក្តិនេះ ក៏ត្រូវពិនិត្យមើលបញ្ហានេះផងដែរ»។ 

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានក្រើនរំលឹកដល់មន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់ ឲ្យខិតខំប្រឹងប្រែង បញ្ចេញស្នាដៃ និងអភិវឌ្ឍសមត្ថភាពការងាររបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ដើម្បីមានឱកាសទទួលបានការតែងតាំងមុខតំណែងថ្មី និងការតម្លើងឋានន្តរស័ក្តិជាបន្តបន្ទាប់ខាងមុខផងដែរ៕ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ