អន្តជាតិ៖ ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួននឹងមិនធ្វើសម្បទាន ឬការសម្របសម្រួលណាមួយលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់នោះទេ ខណៈក្រុមមន្ត្រីចិន និងអាមេរិក បានជួបពិភាក្សាផ្នែកយោធាក្នុងសប្តាហ៍នេះ ជាលើកដំបូងចាប់តាំងពីបណ្តាញនានាត្រូវបានផ្អាកកាលពីក្នុង ឆ្នាំ ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១១ មករា ២០២៤។

មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ ទទួលបន្ទុកកិច្ចការប្រទេសចិនលោក ម៉ៃឃើល ឆេស (Michael Chase) បានបញ្ចប់ការពិភាក្សារយៈពេលពីរថ្ងៃកាលពីថ្ងៃអង្គារជាមួយឧត្តមសេនីយចិន លោក សុង យ៉ានឆាវ (Song Yanchao) ខណៈកោះតៃវ៉ាន់ខិតជិតដល់ថ្ងៃបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយភាពតានតឹងនៅឥណ្ឌូប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងចិន ជាមួយហ្វីលីពីន។

យោងតាមការអានពីក្រសួងការពារជាតិចិន លោក សុង អនុប្រធានការិយាល័យគណៈកម្មាធិការយោធាមជ្ឈិមសម្រាប់កិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ របស់ប្រទេសចិន បានប្រាប់លោក ឆេស ថាទីក្រុងប៉េកាំងមានឆន្ទៈ អភិវឌ្ឍទំនាក់ទំនងយោធានិងយោធាប្រកបដោយស្ថិរភាព ។

ប៉ុន្តែលោក សុង បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែគិតគូរពីប្រទេសចិនឱ្យបានហ្មត់ចត់ ហើយដាក់ចេញនូវខ្សែបន្ទាត់រ៉ឹងមួយលើកោះតៃវ៉ាន់ ដោយជំរុញឱ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការផ្ដល់អាវុធដល់ក្រុងតៃប៉ិ និងគាំទ្រឯករាជ្យភាពរបស់កោះនេះ។

នៅក្នុងកិច្ចប្រជុំនោះ លោក សុង បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងមិនធ្វើសម្បទាន ឬការសម្របសម្រួលណាមួយលើបញ្ហាកោះតៃវ៉ាន់ឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ