ព្រិលធ្លាក់ខ្លាំងកំពុងគំរាមកំហែងរដ្ឋអូហៃយ៉ូ ដល់ភាគខាងលិចទីក្រុងញូវយ៉ក
អូហៃយ៉ូ៖ ការព្រមានអំពីឥទ្ធិពលព្រិលធ្លាក់ខ្លាំង នឹងគ្របដណ្តប់ពីទីក្រុងក្លេវើលែន ដល់តំបន់ស៊ីរ៉ាខូស ក្នុងទីក្រុងញូវយ៉ក ខណៈដែលការធ្លាក់ព្រិលខ្លាំងបានវាយលុកតំបន់ទាំងនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ វិច្ឆិកា ២០២៣។
នៅក្នុងរដ្ឋអូហៃយ៉ូ សាលារៀន រួមទាំងផ្លូវរថភ្លើងក្រោមដីនៅទីក្រុងក្លេវើលែន បានបិទដំណើរការ ដោយសារការគំរាមកំហែងពីអាកាសធាតុ។ ហើយយ៉ាងហោចណាស់មានរថយន្តចំនួន ២៣គ្រឿងរងការខូចខាត ដោយសារបញ្ហាអាកាសធាតុ នៅលើដងផ្លូវ Interstate 271 នៃរដ្ឋអូហៃយ៉ូ បណ្តាលឱ្យមានមនុស្សជាច្រើនរងរបួសធ្ងន់ធ្ងរ។
អត្រាធ្លាក់ព្រិលមានកម្រិតខ្ពស់ដល់ទៅ ៥សង់ទីម៉ែត្រក្នុងមួយម៉ោងនៅតំបន់ព្រិលធ្លាក់ខ្លាំងបំផុត ស្ថិតនៅភាគខាងលិចទីក្រុងញូវយ៉ក។ ការធ្លាក់ព្រិលដ៏ធំបំផុត គឺពី ៥០ ទៅ ៥៨ សង់ទីម៉ែត្រ ដែលត្រូវបានកត់ត្រានៅភាគខាងជើងនៃតំបន់ស៊ីរ៉ាខូស។ ការធ្លាក់ព្រិលរហូតដល់ ៤០សង់ទីម៉ែត្រ ត្រូវបានកត់ត្រានៅភាគខាងត្បូងទីក្រុងប៊ូហ្វាឡូ និងទីក្រុងញូវយ៉ក ហើយរហូតដល់ ៣៣សង់ទីម៉ែត្រនៅភាគខាងកើតទីក្រុងក្លេវើលែន។
ការធ្លាក់ព្រិលត្រូវបានគេរំពឹងថា នឹងបន្តកើតមានរហូតដល់ព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ព្យុះព្រិលនេះកើតឡើងនៅពេលដែលខ្យល់ត្រជាក់បំផុតក្នុងរដូវនេះវាយប្រហារភាគឦសាន។ នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ ខ្យល់ត្រជាក់ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះដល់ ១៩អង្សាក្នុងទីក្រុងញូវយ៉ក និង ១៧ អង្សានៅទីក្រុងបូស្តុន៕RT