បរទេស៖ ពួកបះបោរនៅប្រទេសយេម៉ែន ដែលគេស្គាល់ថា ជាពួកឧទ្ទាមហ៊ូធី បានប្រកាសថា ពួកគេទើបតែបានវាយប្រហារលើនាវាឆ្លងកាត់សមុទ្រក្រហម ពីរគ្រឿងបន្ថែមទៀត ក្នុងនោះ មួយគ្រឿងជារបស់អាមេរិក និងមួយទៀត ជារបស់អង់គ្លេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០៧ កុម្ភ: ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ពួក ហ៊ូធី (Huthi) លោក Yahya Saree បាននិយាយថា ការវាយប្រហារទីមួយ បានកំណត់លើគោលដៅ លើកប៉ាល់អាមេរិក Star Nasia ខណៈមួយទៀត គឺសំដៅលើនាវាអង់គ្លេស Morning Tide។

ក្រុមហ៊ុនសន្តិសុខ Ambrey នៅអង់គ្លេស បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកប៉ាល់ដឹកទំនិញ ដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស ចេញពីប្រទេសយេម៉ែន ប៉ុន្តែក្រោយមក គេបាននិយាយថាមីស៊ីលមួយបានវាយប្រហារទៅលើនាវា ដែលមានទង់នៃប្រទេស Barbados ទៅវិញ។

ប្រភពបន្តថា «វាត្រូវបានបាញ់ចេញពីទូកតូចមួយ ដែលមើលឃើញនៅជិតកប៉ាល់ ប៉ុន្តែ កាំជ្រួចមិនប៉ះពាល់ដល់កប៉ាល់ដោយផ្ទាល់ទេ ប៉ុន្តែបានផ្ទុះនៅក្បែរនោះ ដែលបណ្តាលឱ្យខូចខាតបន្តិចបន្តួច។»

ក្រុមហ៊ុនអះអាងទៀតថា មិនមានអ្នករងរបួស ក្នុងចំណោមនាវិកនោះទេ។ ជាមួយគ្នានេះ ទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស UKMTO បាននិយាយថា ខ្លួនក៏បានទទួលរបាយការណ៍នៃឧប្បត្តិហេតុមួយ នៅឯកំពង់ផែ Hodeida ដែរ។

ក្រុមឧទ្ទាមហ៊ូធី ដែលគេជឿថា មានអ៊ីរ៉ង់នៅគាំទ្រពីក្រោយនោះ បានធ្វើទុក្ខបុកម្នេញ លើការដឹកជញ្ជូន តាមសមុទ្រក្រហម អស់រយៈពេលជាច្រើនខែ ដោយពួកគេថា ជាការឆ្លើយតបនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ក្នុងនោះ គឺប្រឆាំងនឹងអ៊ីស្រាអែល តែគាំទ្រប៉ាឡេស្ទីន។

ការវាយប្រហាររបស់ពួកគេបានបង្កឱ្យមានការសងសឹក ដោយកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស រួមទាំងរលកនៃការវាយប្រហារតាមអាកាស ដែលបានវាយប្រហារគោលដៅ រាប់សិប កន្លែង កាលពីល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍មុនទៀតផង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ