ចិនថា តាលីបង់អាហ្វហ្គានីស្ថានត្រូវធ្វើកំណែទម្រង់ មុនពេលមានទំនាក់ទំនងការទូតពេញលេញ
ប៉េកាំង៖ ប្រទេសចិនបានបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានត្រូវដាក់ចេញនូវកំណែទម្រង់នយោបាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសន្តិសុខ និងជួសជុលទំនាក់ទំនងជាមួយប្រទេសជិតខាង មុនពេលទទួលបានការទទួលស្គាល់ពេញលេញខាងការទូត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ធ្នូ ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន និយាយថា ចិនតែងតែជឿថា អាហ្វហ្គានីស្ថានមិនគួរដកចេញពីសហគមន៍អន្តរជាតិទេ។ ប៉ុន្តែយើងសង្ឃឹមថា អាហ្វហ្គានីស្ថាននឹងឆ្លើយតបបន្ថែមទៀត ចំពោះការរំពឹងទុករបស់សហគមន៍អន្តរជាតិ។
ក្នុងនោះមានដូចជាការកសាងរចនាសម្ព័ន្ធនយោបាយបើកចំហ និងរួមបញ្ចូលការអនុវត្តគោលនយោបាយក្នុងស្រុក និងក្រៅប្រទេសកម្រិតមធ្យម និងស្ថិរភាព។ បន្ថែមលើនេះ ចិនជំរុញអាហ្វហ្គានីស្ថានឱ្យប្រយុទ្ធប្រឆាំងនឹងកងកម្លាំងភេរវករគ្រប់ប្រភេទ, រួមរស់នៅប្រកបដោយភាពសុខដុមជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក ជាពិសេសប្រទេសជិតខាង និងធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់មិនត្រូវបានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការឡើយ ចាប់តាំងពីការដណ្តើមអំណាច ក្រោយកងទ័ពអាមេរិកដកខ្លួនកាលពីខែសីហា ឆ្នាំ២០២១។ ទោះជាយ៉ាងណា ចិន និងអាហ្វហ្គានីស្ថាននៅតែរក្សាទំនាក់ទំនងមួយចំនួន។
យ៉ាងណាមិញ មេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថានបានសន្យាថា ប្រទេសនេះនឹងមិនត្រូវបានប្រើជាមូលដ្ឋានសម្រាប់ពួកសកម្មប្រយុទ្ធឡើយ ជាថ្នូរនឹងការទទួលបាននូវការគាំទ្រផ្នែកសេដ្ឋកិច្ច និងការវិនិយោគសម្រាប់ការកសាងឡើងវិញពីប្រទេសចិន៕