ហ្ស៊ឺណែវ៖ ប្រទេសចំនួន ៤៣ ក្នុងថ្ងៃចន្ទ បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិ ជុំវិញការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny ហើយបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន គឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះរឿងនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៥ មីនា ២០២៣។

សមាជិកសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស អ៊ុយក្រែន អូស្ត្រាលី កាណាដា នូវែលសេឡង់ និងន័រវែស ស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញកំហឹងចំពោះការស្លាប់របស់លោក Navalny នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី Lotte Knudsen បានប្រាប់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តាងនាមឱ្យប្រទេសចំនួន ៤៣ ថា ពួកយើងខឹងសម្បារជាខ្លាំង ចំពោះការស្លាប់របស់អ្នកនយោបាយបក្សប្រឆាំងរុស្ស៊ី លោក Navalny ដែលការទទួលខុសត្រូវចុងក្រោយនេះ គួរតែធ្លាក់លើលោកប្រធានាធិបតី ពូទីន និងអាជ្ញាធររុស្ស៊ី។

លោកស្រីបន្ថែមថា ការស្លាប់ដែលមិននឹកស្មានដល់ និងគួរឱ្យតក់ស្លុតរបស់លោក Navalny នៅតែជាសញ្ញាមួយផ្សេងទៀត នៃការបង្រ្កាបជាប្រព័ន្ធនៅក្នុងប្រទេសរុស្ស៊ី។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា រុស្ស៊ីត្រូវតែអនុញ្ញាតឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិ និងតម្លាភាព ជុំវិញការស្លាប់របស់លោក Navalny។

សូមរម្លឹកថា លោក Navalny ដែលជាអ្នកហ៊ានរិះគន់ខ្លាំងជាងគេ ប្រឆាំងលោក ពូទីន បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ក្នុងពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយ នៅភាគខាងជើងតំបន់ស៊ីបេរីរបស់រុស្ស៉ី ជាទីដែលរូបលោកត្រូវអនុវត្តទោសជាប់ពន្ធនាគារជាច្រើនឆ្នាំ ក្រោមបទចោទប្រកាន់ដែលមតិភាគច្រើនមើលឃើញថា ជាទង្វើសងសឹកនយោបាយសម្រាប់និន្នាការប្រឆាំងរបស់គាត់។

គិតមកទល់ពេលនេះ ហាក់ពុំទាន់មានការបញ្ជាក់លម្អិតថ្មី ជុំវិញការស្លាប់របស់លោក Navalny ឡើយ។ មរណភាពរបស់មេបក្សប្រឆាំងរូបនេះ កើតឡើងស្របពេលដែលប្រទេសរុស្ស៉ីត្រៀមខ្លួនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅខែមីនាខាងមុខនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ