ព្យុងយ៉ាង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង ហើយលោកបញ្ជាក់ថា ការបង្រួបបង្រួមជាតិរវាងប្រទេសកូរ៉េទាំងពីរមិនអាចទៅរួចទេ ។ លើសពីនេះ លោកនឹងបិទស្ថាប័នចំនួន៣កន្លែង ដែលធ្វើការពាក់ព័ន្ធនឹងការបង្រួបបង្រួមជាតិកូរ៉េ ហើយលោកនឹងលុបចោលការធ្វើដំណើរទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី១៧ មករា ២០២៤។

ប្រទេសកូរ៉េខាងជើងរាយការណ៍ថា នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នេះ លោក គឹម ជុងអ៊ុន បានស្នើឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ និងផ្លាស់ប្តូរឋានៈប្រទេសកូរ៉េខាងត្បូងឱ្យក្លាយជារដ្ឋនៅដាច់ដោយឡែកពីកូរ៉េខាងជើង ។ មេដឹកនាំកូរ៉េខាងជើងលើកឡើងថា បើទោះជាកូរ៉េខាងជើងមិនស្វែងរកសង្គ្រាម ប៉ុន្តែកូរ៉េខាងជើងមិនបានតាំងចិត្តចៀសវាងទេ ។

ការប្រកាសបែបនេះរបស់មេដឹកនាំកូរ៉េខាងជើង កើតឡើងក្នុងអំឡុងពេលទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាន់តែធ្លាក់ចុះ ហើយកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើនលើកច្រើនសារ ។ មេដឹកនាំកូរ៉េខាងជើងបានអំពាវនាវទៀតថា នឹងកំណត់ឱ្យកូរ៉េខាងត្បូងក្លាយជាសត្រូវលំដាប់ទី១ និងជាសត្រូវគ្មានថ្ងៃផ្លាស់ប្តូរក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងកំណត់ឱ្យទឹកដីកូរ៉េខាងជើងនៅដាច់ដោយឡែកពីកូរ៉េខាងត្បូង ។ លោក គឹម ជុងអ៊ុន លើកឡើងថា សង្គ្រាមនឹងបំផ្លាញកូរ៉េខាងជើង និងធ្វើឱ្យកូរ៉េខាងជើងចាញ់អាមេរិក ។

ចំណែកអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយទៅកាន់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរថា ស្ថានការណ៍រវាងប្រទេសកូរ៉េទាំងពីរនៅពេលនេះកាន់តែធ្ងន់ធ្ងរជាងមុន និងធ្ងន់ធ្ងរជាងកាលពីមិថុនា ឆ្នាំ១៩៥០ ទៅទៀត ។ គេមិនដឹងថា តើមេដឹកនាំប្រទេសកូរ៉េខាងជើងកំណត់ផែនការ និងសម្រេចចិត្តបែបណាទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ