ភ្នំពេញ ៖ លោកស្រី Luo Lihua លេខាក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. បានបញ្ជាក់ថា ក្រុមហ៊ុន មានបំណងនាំចេញផ្លែស្លា ដែលដាំនៅកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗ ទៀត ក្នុងពិភពលោក។

ការបង្ហាញបំណង របស់ក្រុមហ៊ុនចិននេះ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ លោក យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃ៣០ វិច្ឆិកា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ក្នុងជំនួបនោះលោក យុន ហេង លើកឡើងពីច្បាប់ស្តីពីការវិនិយោគកម្ពុជា មានភាពបើកចំហរ មានតម្លាភាព និងអាចប៉ាន់ប្រមាណជាមុន បានដើម្បីទាក់ទាញ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរ ឬ បរទេសនៅកម្ពុជា។

ជាមួយគ្នានោះដែរលោកស្រី Luo Lihua បានមានប្រសាសន៍ថា មុខសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុន Hainan Taste King Investment Group Holdings Co., Ltd. គឺការដាំស្លា កែច្នៃ និងលក់។ ក្រុមហ៊ុន មានបំណងពិភាក្សាពីកិច្ចសហការ និងវិនិយោគលើដំណាំស្លា និងគម្រោងកិច្ចសហប្រតិបត្តិការផ្នែក កសិកម្ម ជាពិសេស ការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ ។ លោកស្រី ក៏បានបញ្ជាក់ថា «ក្រុមហ៊ុនមានបំណងនាំចេញ ផ្លែស្លាដែលដាំនៅប្រទេសកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗទៀត»។

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបញ្ជាក់ថា គម្រោងដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃជាគម្រោង ដែលបានទទួលបានការលើកទឹកចិត្តអតិបរមា។ លោក បានស្នើក្រុមហ៊ុន ធ្វើការជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដើម្បីរកដៃគូ វិនិយោគគម្រោងនេះ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំទទួលស្វាគមន៍ និងផ្តល់កិច្ចសម្រួលសព្វបែបយ៉ាង លើគម្រោងវិនិយោគ របស់ក្រុមហ៊ុន ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ