ក្រុងគៀវ៖ ថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃ ទៅកាន់ពលរដ្ឋអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្តេជ្ញាថា ប្រទេសអ៊ុយក្រែននឹងក្លាយជាសមាជិកនៃសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៨ វិច្ឆិកា ២០២៣។

នៅមុនថ្ងៃ នៃការផ្សព្វផ្សាយរបាយការណ៍ស្តីពី «វឌ្ឍនភាពនៃគម្រោងក្លាយជាសមាជិកសហភាពអឺរ៉ុប» របស់អ៊ុយក្រែន លោក ហ្សេលេនស្គី បានបញ្ជាក់បន្ថែមផងដែរថា ប្រទេសយើងកំពុងត្រៀមទទួលយកនូវអ្វីដែលជាប្រវត្តិសាស្ដ្រដ៏ធំមួយ ដែលយើងមិនធ្លាប់មាន ហើយក៏កំពុងឆ្ពោះទៅកាន់ផ្លូវដ៏វែងឆ្ងាយក្នុងពេលខាងមុខ។

លោកក៏បានបន្តទៀតថា អ៊ុយក្រែនកំពុងពង្រឹងស្ថាប័ននានារបស់ខ្លួន ដើម្បីត្រៀមក្នុងការក្លាយជាសមាជិករបស់សហភាពអឺរ៉ុប ហើយលោកក៏ទទួលស្គាល់ថា អ៊ុយក្រែនត្រូវសម្របតាមស្ដង់ដាររបស់សហភាពអឺរ៉ុប នៅពេលក្លាយខ្លួនជាសមាជិករបស់ប្លុកនេះ។

គណៈកម្មការអឺរ៉ុបនឹងត្រូវធ្វើសេចក្ដីថ្លែងការណ៍អំពីវឌ្ឍនភាពនៃកំណែទម្រង់នានានៃប្រទេសអ៊ុយក្រែន ម៉ុលដាវី និងហ្សកហ្សី នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីសម្រេចថាតើប្រទេសទាំងនោះអាចទទួលបានសិទ្ធិក្នុងការចរចាក្លាយជាសមាជិកនៃសហភាពអឺរ៉ុប ឬយ៉ាងណា មុនពេលដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧លើកយកប្រធានបទនេះទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប្រ៊ុចសែល នាពាក់កណ្ដាលខែធ្នូ ខាងមុខ។

គួរបញ្ជាក់ថា ការស្វែងរកសមាជិកភាពនៃសហភាពអឺរ៉ុប របស់ប្រទេសអ៊ុយក្រែននេះ បានចោទជាបញ្ហាចម្រូងចម្រាស់ជាច្រើន។ ដើម្បីក្លាយជាសមាជិកនៃសហភាពអឺរ៉ុប គណៈកម្មការអឺរ៉ុបបានដាក់ចេញនូវវិធានការចំនួន ៧ចំណុចទៅកាន់អ៊ុយក្រែន ដោយក្នុងនោះក៏មានការលុបបំបាត់អំពើពុករលួយ និងកំណែទម្រង់ផ្នែកច្បាប់របស់ប្រទេសនេះផងដែរ។ អ៊ុយក្រែនបានព្យាយាមលុបបំបាត់អំពើពុករលួយក្នុងស្ថាប័នរបស់ខ្លួន ទៅតាមអ្វីដែលសហភាពអឺរ៉ុប និងប្រទេសជាសម្ព័ន្ធមិត្តតំរូវ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ