អេក្វាទ័រចាប់ខ្លួនមនុស្សជិត ៧០នាក់ ជុំវិញការបង្កហិង្សាលើមន្ទីរពេទ្យមួយកន្លែង
គីតូ៖ ប៉ូលីសអេក្វាទ័រចាប់ខ្លួនមនុស្ស ៦៨នាក់ នៅថ្ងៃអាទិត្យទី២១ ខែមករានេះ ដែលបានប៉ុនប៉ងចូលកាន់កាប់មន្ទីរពេទ្យមួយកន្លែង ស្ថិតនៅភាគនិរតីនៃប្រទេសអេក្វាទ័រ ចំពេលមានសង្រ្គាមរវាងក្រុមក្មេងទំនើងជួញដូរគ្រឿងញៀន និងកងកម្លាំងសន្តិសុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ មករា ២០២៤។
ប៉ូលីសអេក្វាទ័របានបញ្ជាក់នៅលើបណ្តាញសង្គម X ថា យើងបានបង្ក្រាបក្រុមភេរវករចំនួន ៦៨នាក់ ដែលព្យាយាមកាន់កាប់មន្ទីរពេទ្យមួយកន្លែងនៅទីក្រុងYaguachi ខេត្តGuayas។ ប៉ូលិសអេក្វាទ័របន្ថែមថា ជនសង្ស័យទាំងនោះ ត្រូវបានចាប់ខ្លួននៅពេលពួកគេព្យាយាមរំដោះសមាជិកក្រុមខ្លួន ដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប្រតិបត្តិការនេះ ដកហូតបានកាំភ្លើង និងថ្នាំញៀនមួយចំនួន។ ទន្ទឹមគ្នា ប៉ូលិសអេក្វាទ័រក៏បានឆ្មក់ចូល “មជ្ឈមណ្ឌលស្តារនីតិសម្បទា” មួយកន្លែងទៀត ដែលជាទីតាំងសមាជិកក្រុមក្មេងទំនើងជាច្រើននាក់កំពុងលាក់ខ្លួនផងដែរ។ ថ្មីៗនេះ អាជ្ញាធរអេក្វាទ័របានបិទមជ្ឈមណ្ឌលបែបនេះរាប់រយកន្លែង ព្រោះវាមន្ទីរពេទ្យសម្ងាត់ ដែលគ្រប់គ្រងដោយក្រុមក្មេងទំនើង។
ប្រធានាធិបតីអេក្វាទ័រ លោក ដានីញ៉ែល ណូបូអា បានចេញក្រិត្យកាលពីថ្ងៃទី៩ ខែមករាកន្លងទៅ ដាក់ប្រទេសក្នុងភាពអាសន្នជម្លោះប្រដាប់អាវុធផ្ទៃក្នុង ៦០ថ្ងៃ និងបានដាក់បញ្ជាឱ្យកម្ទេចក្រុមឧក្រិដ្ឋជន។
គួរបញ្ជាក់ថា វិបត្តិសន្តិសុខនេះបានផ្ទុះឡើងបន្ទាប់ពីមេក្រុមម៉ាហ្វីយ៉ា Choneros មានកូនចៅប្រមាណ៨,០០០នាក់ ឈ្មោះ Adolfo Macias ហៅហ្វីតូ បានរត់ចេញពីពន្ធធនាគារ។ ទណ្ឌិតហ្វីតូ មានទោសជាប់ពន្ធនាគារ ៣៤ឆ្នាំ តាំងពីឆ្នាំ២០១១ និងធ្លាប់រត់ចេញពីពន្ធធនាគារបានម្តងនៅឆ្នាំ ២០១៣ មុនចាប់បានមកវិញ៕