ហូឡង់ផ្អាកនាំចេញគ្រឿងបន្លាស់យន្តហោះ F-35 ទៅឱ្យអ៊ីស្រាអែល
អន្តរជាតិ៖ តុលាការក្នុងប្រទេសហូឡង់ ចេញសេចក្តីសម្រេចបញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ក្រោយព្រួយបារម្ភថា គ្រឿងបន្លាស់ទាំងនោះ អាចត្រូវបានគេប្រើប្រាស់ ដើម្បីបំពានច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៣ កុម្ភ: ២០២៣។
សាលាឧទ្ធរណ៍ទីក្រុងឡាអេ និងអង្គការសិទ្ធិមនុស្ស បានបញ្ជាក់ថា គ្រឿងបន្លាស់ទាំងនោះ បានរួមចំណែកដល់ការរំលោភច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ដូច្នេះតុលាការបានបញ្ជាឱ្យរដ្ឋ ត្រូវតែបញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់អ៊ីស្រាអែលក្នុងរយៈពេល ៧ថ្ងៃ។
ចៅក្រមតុលាការក្រុងឡាអេ បានគូសបញ្ជាក់ថា មានហានិភ័យខ្លាំងណាស់ ជុំវិញការរំលោភបំពានច្បាប់មនុស្សធម៌ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងការប្រើប្រាស់យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល។
គ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ត្រូវបានរក្សាទុកនៅឃ្លាំងមួយក្នុងប្រទេសហូឡង់ ហើយបន្ទាប់មកបានដឹកជញ្ជូនទៅកាន់ដៃគូជាច្រើន រួមទាំងអ៊ីស្រាអែល តាមរយៈកិច្ចព្រមព្រៀងនាំចេញដែលមានស្រាប់។
ការហាមឃាត់របស់តុលាការក្នុងប្រទេសហូឡង់នាពេលនេះ ធ្វើឡើងចំពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើទីក្រុង Rafah ដែលប្រមូលផ្តុំដោយជនភៀសខ្លួនរស់នៅយ៉ាងច្រើន បណ្តាលឲ្យស្លាប់មនុស្សជាង ៥០នាក់ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស៕RT