គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ប្រទេសអ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) បន្ថែមទៀត ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួនក្នុងរដូវរងា ដែលប្រឈមមុខនឹងការកើនឡើងការវាយប្រហារតាមអាកាសពីរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី២០ ធ្នូ ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរយៈពេល ២ម៉ោងនៅទីក្រុងគៀវ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងថា យោធាអ៊ុយក្រែនត្រូវការទាហានបន្ថែមរហូតដល់ ៥០០,០០០នាក់ទៀត ស្របពេលដែលជម្លោះជាមួយរុស្ស៊ីជិតដល់រយៈពេលពីរឆ្នាំហើយ។

លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា មេបញ្ជាការរបស់លោក កំពុងស្វែងរកទាហានចន្លោះពី ៤៥០,០០០នាក់ ដល់ ៥០០,០០០នាក់។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏ទទួលស្គាល់ដែរថា នេះជាដ៏បញ្ហារសើប ប៉ុន្តែទាហាន ៥០០,០០០នាក់បានស្ថិតនៅសមរភូមិជួរមុខរួចទៅហើយ។

លោក ហ្សេលេនស្គី បន្ថែមថា ប្រទេសរបស់លោកនៅឆ្នាំក្រោយ នឹងផលិតយន្តហោះដ្រូនមួយលានគ្រឿង ដែលនេះជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងការប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហាក់បន្ថយការផ្តល់ជំនួយដល់អ៊ុយក្រែន ចំពេលដែលទីក្រុងគៀវកំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវ ដើម្បីបន្តប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាមិញ ការវាយបករបស់អ៊ុយក្រែនត្រូវបរាជ័យនៅដើមរដូវរងា ហើយមានការភ័យខ្លាចថា រុស្ស៊ីអាចធ្វើឲ្យអ៊ុយក្រែនអស់អាវុធប្រយុទ្ធតទៅទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ