ឥណ្ឌាបញ្ចេញនាវាចម្បាំងផលិតក្នុងស្រុកដ៏ទំនើប ដែលមានឈ្មោះថា Imphal
ញូវដែលី៖ ប្រទេសឥណ្ឌា បង្ហាញពីរូបរាងនាវាចម្បាំង ដែលខ្លួនបានដាក់ឈ្មោះថា Imphal ជានាវាពិឃាតទំនើបចុងក្រោយបង្អស់ផលិតក្នុងស្រុក នៅឯចំណត Naval Dockyard ក្នុងទីក្រុងបុមបៃ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ធ្នូ ២០២៣។
កងទ័ពជើងទឹកឥណ្ឌាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដាក់ឱ្យដំណើរការនាវាចម្បាំង Imphal ស៊េរីចុងក្រោយបំផុតរបស់ខ្លួន។ នាវាចម្បាំងដែលមានបំពាក់មីស៊ីលបញ្ជាទិសនេះ គឺជានាវាពិឃាតទំនើបគ្រឿងទី៣ ក្នុងចំណោមនាវាពិឃាត Visakhapatnam ចំនួន៤គ្រឿង ដែលផលិតក្នុងស្រុកដោយប្រទេសឥណ្ឌា។
មន្រ្តីវិស្វ័ករជាន់ខ្ពស់ឥណ្ឌាបាននិយាយថា នាវាចម្បាំង Imphal នេះ មានលទ្ធភាពផលិតថាមពលបានដោយខ្លួនឯង, ផលិតទឹកស្អាតដោយខ្លួនឯង និងមាននិរន្តរភាពដោយខ្លួនឯង ក៏ដូចជាប្រព័ន្ធពន្លត់អគ្គិភ័យ។ នាវាពិឃាតនេះ នឹងចូលជួយជាកម្លាំងដល់កងទ័ពជើងទឹកឥណ្ឌា សម្រាប់ការបំពេញបេសកកម្មនៅដែនសមុទ្រ។
គួរបញ្ជាក់ថា នាវាពិឃាត Imphal ខាងលើ ត្រូវបានបង្កើតឡើងដោយការិយាល័យរចនានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា និងសាងសង់ដោយក្រុមហ៊ុន Mazagon Dock Limited របស់ទីក្រុងប៉ុមបៃ។ ការផលិតនាវាចម្បាំង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការលើកកម្ពស់សន្តិសុខ និងអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសខ្លួន៕