អាមេរិក៖ ទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងប៉ូលិសជប៉ុន បានព្រមានរួមគ្នាពីក្រុមហែកឃឺរ (Hacker) ឈ្មោះ BlackTech ដែលមានទំនាក់ទំនងជាមួយប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ កញ្ញា ២០២៣។

ការប្រឹក្សារួម ដែលបានមកពីទីភ្នាក់ងារសន្តិសុខអ៊ិនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) និងសមភាគីជប៉ុន ផងដែរនោះ បានជំរុញឱ្យក្រុមហ៊ុននានាពិនិត្យមើលឧបករណ៍ផ្ដល់អ៊ិនធឺណិត (Router) នៅតាមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារដែលអាចកើតមានឡើងពីក្រុម BlackTech ។

សេចក្តីថ្លែងការណ៍ស្ដីពីការប្រឹក្សាបាននិយាយថា ក្រុម BlackTech បានបង្ហាញពីសមត្ថភាពក្នុងការកែប្រែកម្មវិធីបង្កប់រ៉ោតទ័រដោយមិនឱ្យគេចាប់បាន ដើម្បីបង្វែរវាពីក្រុមហ៊ុនបុត្រសម្ព័ន្ធអន្តរជាតិផ្សេងៗទៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនទាំងនោះនៅជប៉ុន និងសហរដ្ឋអាមេរិក ដែលជាគោលដៅចម្បង។

ចំណែកឯទីភ្នាក់ងារប៉ូលិសជាតិរបស់ប្រទេសជប៉ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា BlackTech បានចូលរួមក្នុងការវាយប្រហារតាមអ៊ិនធឺណិតលើរដ្ឋាភិបាលផ្សេងៗ និងក្រុមហ៊ុនផ្នែកបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក និងអាស៊ីបូព៌ាចាប់តាំងពីឆ្នាំ ២០១០ មក។

ទោះជាយ៉ាងណាក៏ដោយ គេឃើញចិនជារឿយៗបានច្រានចោលការចោទប្រកាន់ពីទំនាក់ទំនងជាមួយក្រុមហែកឃឺរ ដែលធ្វើការវាយប្រហារតាមអ៊ិនធឺរណិតលើរដ្ឋាភិបាលបរទេស។ ជុំវិញព័ត៌មានចុងក្រោយនេះ ចិនមិនទាន់ប្រតិកម្មយ៉ាងណានៅឡើយទេ។

គួររម្លឹកថា ក្នុងឆ្នាំ ២០២០ អាជ្ញាធរសន្តិសុខរបស់តៃវ៉ាន់ បានរាយការណ៍ពីការវាយប្រហារតាមអ៊ិនធឺណិតលើគណនីអ៊ីមែលរបស់មន្ត្រីរដ្ឋាភិបាលប្រហែល ៦ ០០០ គណនី ពីក្រុមហែកឃឺរ Blacktech និងក្រុម Taidoor ។ កាលនោះ អាជ្ញាធរសន្តិសុខតៃវ៉ាន់បាននិយាយថា ក្រុមទាំង២ទំនងជាទទួលបានការគាំទ្រពីបក្សកុម្មុយនិស្តចិន។

គួរកត់សម្គាល់ថា ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងឡើងៗលើបញ្ហារួមទាំងកោះតៃវ៉ាន់ មន្ត្រីសន្តិសុខអាមេរិកកំពុងបង្កើនការព្រមានពីសមត្ថភាពវាយប្រហារតាមអ៊ិនធឺណិតរបស់ចិន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ