ប្រមុខអង្គការសហប្រជាជាតិព្រួយបារម្ភខ្លាំង ជុំវិញជម្លោះនៅទូទាំងប្រទេសមីយ៉ាន់ម៉ា
ញូវយ៉ក៖ការប្រយុទ្ធគ្នានៅប្រទេសមីយ៉ាន់ម៉ាបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៧ ខែតុលា បន្ទាប់ពីកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA), កងទ័ពរំដោះជាតិ តាអាំង(TNLA) និងកងទ័ពអារ៉ាខាន់ (AA) បានបើកការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលយោធា នៅជិតព្រំដែនភាគខាងជើងជាមួយប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៦ វិច្ឆិកា ២០២៣។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស លោកព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ពាក់ព័ន្ធនឹងជម្លោះដែលកំពុងរីករាលដាលទូទាំងប្រទេសមីយ៉ាន់ម៉ា បង្កឡើងដោយការវាយលុករបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចកាលពីខែមុន។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក ស្តេហ្វេន ឌូចារីក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក ហ្គូទែរេស មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការពង្រីកជម្លោះនៅទូទាំងតំបន់ដ៏ធំក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិនិយាយថា បានបង្ខំឱ្យមនុស្សជាង ២០០,០០០នាក់ភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។
ក្នុងសប្តាហ៍នេះ ក្រុមប្រដាប់អាវុធជនជាតិភាគតិច (AA) បានបើកការវាយប្រហារថ្មីៗទៀត លើយោធារដ្ឋាភិបាលនៅរដ្ឋរ៉ាក់ឃីន ភាគខាងលិច ខណៈដែលក្រុមយុទ្ធជនប្រឆាំងរដ្ឋាភិបាលក្នុងរដ្ឋកាយ៉ា ជាប់ព្រំដែនថៃ កំពុងប្រយុទ្ធជាមួយយោធានៅជិតទីក្រុងនៃរដ្ឋឡ័រកាវ។ ហើយយ៉ាងហោចណាស់ជនស៊ីវិល ៧៥នាក់ រួមទាំងកុមារត្រូវបានសម្លាប់ និង ៩៤នាក់ទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នា៕