ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបនាយករដ្ឋមន្ត្រីអង់គ្លេស ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ
អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យោល(Yoon Suk Yeol )នឹងជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសគឺលោក រាយស៊ី ស៊ូណាក់(Rishi Sunak) ដើម្បីចុះកិច្ចព្រមព្រៀងមួយសំដៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ សន្តិសុខ និងបច្ចេកវិទ្យា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ វិច្ឆិកា ២០២៣។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសនេះដែរនឹងមាននូវការចុះកិច្ចព្រមព្រៀងសហការគ្នា ដើម្បីពង្រឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង។
ដោយឡែករហូតមកដល់ពេលនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានចាប់ផ្តើមកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី (FTA) និងយល់ព្រមលើភាពជាដៃគូលើថាមពលស្អាត ខណៈដែលការវិនិយោគជាច្រើនត្រូវបានប្រកាសជាបន្តបន្ទាប់ ក្នុងនោះក៏មាននូវគម្រោងថាមពលខ្យល់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងទឹកប្រាក់សរុប ១.១៦ ពាន់លានដុល្លារផងដែរ៕
លោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាអ្នកអភិរក្សនិយមនោះ បានលើកឡើងពីបញ្ហាប្រឈមជាសាកល ដែលជាហេតុផលមួយសម្រាប់បង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូដែលមានគោលការណ៍ដូចគ្នា និងបានស្វាគមន៍ជាពិសេសទៅលើការពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កូរ៉េ-អង់គ្លេស៕