មូស្គូ៖ ប្រទេសរុស្ស៊ី ចោទប្រកាន់អ៊ុយក្រែនថា បានបាញ់ទម្លាក់យន្តហោះយោធាមួយគ្រឿង មានផ្ទុកឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ ដែលទីក្រុងមូស្គូនិយាយថា នឹងត្រូវដោះលែងសម្រាប់ការដោះដូរអ្នកទោស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ មករា ២០២៤។

ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា យន្តហោះយោធាប្រភេទដឹកជញ្ជូនមួយគ្រឿងធុន IL-76 ធ្វើដំណើរពីមូលដ្ឋានទ័ពអាកាសក្បែរទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុងព្រំដែន Belgorod បានរងការវាយប្រហារដោយមីស៊ីលប្រឆាំងយន្តហោះ បណ្តាលឱ្យមនុស្សនៅលើយន្តហោះទាំងនោះបាត់បង់ជីវិត។

ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា នៅម៉ោងប្រហែល១១និង១៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) របបអ៊ុយក្រែននៅទីក្រុងគៀវ បានប្រព្រឹត្តអំពើភេរវកម្ម ដោយការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី។ យន្តហោះនេះ បាញ់ទម្លាក់ដោយកងទ័ពអ៊ុយក្រែនចេញពីភូមិ Lyptsi ក្នុងតំបន់ Kharkiv ដោយប្រើប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ។ មីស៊ីលអ៊ុយក្រែនចំនួនពីរគ្រាប់ ត្រូវចាប់បានដោយប្រព័ន្ធរ៉ាដារបស់រុស្ស៊ី។

បើតាមក្រសួងការពារជាតិរុស្ស៊ី យោងតាមកិច្ចព្រមព្រៀងថ្មីៗនេះ ការដោះដូរឈ្លើយសឹកនឹងត្រូវធ្វើឡើងនារសៀលថ្ងៃពុធ នៅប៉ុស្តិត្រួតពិនិត្យ Kolotylivka ស្ថិតនៅតាមតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន។ រុស្ស៊ីនិយាយថា អ៊ុយក្រែនមិនបានខ្វល់ខ្វាយពីអាយុជីវិតពលរដ្ឋខ្លួនឡើយ ទើបបើកវាយប្រហារបែបនេះ។ 

យ៉ាងណាមិញ អ្នកឃ្លាំមើលសិទ្ធិអ៊ុយក្រែន លោក Dmytro Lubinets ដែលស្ថិតក្នុងចំណោមមន្ត្រីទទួលខុសត្រូវ ចំពោះការដោះដូរអ្នកទោសនិយាយថា ការិយាល័យរបស់គាត់កំពុងស៊ើបអង្កេតលើរឿងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ