អ៊ីស្រាអែល វាយឆ្មក់ចូលក្នុងតំបន់ហ្គាហ្សា ទៅលើមន្ទីរពេទ្យអាល់ស៊ីហ្វា
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា បានព្រមាននៅថ្ងៃពុធ នេះអំពីលទ្ធភាពនៃការវាយឆ្មក់របស់អ៊ីស្រាអែល លើអគារមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) នៃតំបន់នេះ ដោយនិយាយថាអ៊ីស្រាអែល បានជូនដំណឹងដល់មន្ត្រីសុខាភិបាលហ្កាហ្សា ថាកងកម្លាំងរបស់ខ្លួននឹងវាយឆ្មក់ទីតាំងនោះ។ យោធាអ៊ីស្រាអែល ដែលត្រូវបានស្នើសុំការអត្ថាធិប្បាយបាននិយាយថា ខ្លួនកំពុងពិនិត្យមើលបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី ១៥ វិច្ឆិកា ២០២៣។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf al-Qidra បានប្រាប់សារព័ត៌មានថា អ៊ីស្រាអែល «បានជូនដំណឹងយើងថា ខ្លួននឹងវាយឆ្មក់អគារមន្ទីរពេទ្យ អាល់ស៊ីហ្វា នៅប៉ុន្មាននាទីខាងមុខនេះ»។
លោកបានបន្ថែមថា «អ៊ីស្រាអែលមិនបានបញ្ជាក់ថា តើកងកម្លាំងរបស់ខ្លួននឹងចូលទៅក្នុងបរិវេណមន្ទីរពេទ្យនោះឬយ៉ាងណាទេ ប៉ុន្តែបាននិយាយថា ក្នុងរយៈពេលប៉ុន្មាននាទី ទាហាននឹងវាយឆ្មក់នៅបរិវេណនោះ។ យើងក៏មិនដឹងពីចេតនារបស់អ៊ីស្រាអែល ជាមួយនឹងការវាយឆ្មក់នោះដែរ»។
កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា បន្ទាប់ពីបានធ្វើការប្រយុទ្ធគ្នាតាមដងផ្លូវយ៉ាងស្វិតស្វាញជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលពួកគេបានចោទប្រកាន់ថា មានប៉ុស្តិ៍បញ្ជាការនៅក្រោមអគារនោះ។ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានលើកឡើងពីការស៊ើបអង្កេត ដែលគាំទ្រការអះអាងរបស់អ៊ីស្រាអែល ជុំវិញទីបញ្ជាការសម្ងាត់នោះ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ៕RT