តូក្យូ៖ មន្រ្តីប៉ូលិសនិយាយថា ចំនួនអ្នកស្លាប់កើនដល់ ៦នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ វាយប្រហារភាគកណ្តាលប្រទេសជប៉ុន ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យមានរលកយក្សស៊ូណាមិកម្ពស់ជាងមួយម៉ែត្រ បំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ មករា ២០២៤។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) និយាយថា គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារខេត្ត Ishikawa នៅម៉ោង៤និង១០នាទីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យប្រជាជនក្នុងតំបន់រងគ្រោះ ភៀសខ្លួនជាបន្ទាន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទៅកាន់តំបន់មានសុវត្ថិភាព។

គ្រោះរញ្ជួយដីនេះ ក៏បង្កជារលកយក្សស៊ូណាមិមានកម្ពស់ ១.២ម៉ែត្រ វាយប្រហារកំពង់ផែ Wajima ហើយនឹងរលកយក្សស៊ូណាមិតូចៗជាបន្តបន្ទាប់ ត្រូវបានគេរាយការណ៍នៅកន្លែងផ្សេងទៀតផងដែរ។ រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ខ្លួនកំពុងវាយតម្លៃពីទំហំនៃការខូចខាតដោយសារការរញ្ជួយដី ដែលបានអង្រួនអគារស្នាក់នៅក្នុងទីក្រុងតូក្យូ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យជប៉ុន មនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន។

ចំណែកក្រសួងការពារជាតិជប៉ុនក៏បានអះអាងដែរថា មនុស្សប្រហែល ១,០០០នាក់កំពុងស្នាក់នៅក្នុងមូលដ្ឋានយោធាមួយកន្លែង។

អាជ្ញាធរក្នុងតំបន់និយាយថា ប្រជាជនប្រហែល ៣៣,៥០០គ្រួសារនៅក្នុងខេត្ត Toyama, Ishikawa និង Niigata គ្មានអគ្គិសនីប្រើប្រាស់ ហើយលំនៅដ្ឋានជាច្រើនទៀតនៅទីក្រុង Suzu ដួលរលំ។ ភ្លាមៗក្រោយទទួលបានដំណឹងនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសផ្តល់ជំនួយចាំបាច់ដល់ប្រទេសជប៉ុន ដើម្បីឆ្លើយតបនឹងផលវិបាកធ្ងន់ធ្ងរនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ