ព្យុះដ៏កំណាចមួយវាយប្រហារសហរដ្ឋអាមេរិក បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
វ៉ាស៊ីនតោន៖ ខ្យល់ព្យុះដ៏មានឥទ្ធិពលមួយបានបោកបក់មកលើរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក សម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ក៏ដូចជានាំឱ្យមានការរអិលបាក់ដី និងទឹកជំនន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០៦ កុម្ភ: ២០២៣។
សេវាឧតុនិយមជាតិ (NWS) និយាយថា នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ប្រជាជនប្រមាណ ៤០លាននាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ព្យុះរដូវរងា និងខ្យល់បក់បោកខ្លាំង។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននៅក្នុងតំបន់ចំនួន៨ ដែលមានប្រជាជនសរុបជាង ២០លាននាក់ បន្ទាប់ពីព្យុះដំបូងបានពាំនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់វាយប្រហារតំបន់ឆ្នេរសមុទ្រ។
សេវាឧតុនិយមជាតិ (NWS) បានបញ្ជាក់នៅក្នុងការព្យាករណ៍របស់ខ្លួនថា គិតត្រឹមថ្ងៃចន្ទនេះ ការគំរាមកំហែងពីទឹកជំនន់ភ្លាមៗ បានផ្តោតទៅលើភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនៅពុំទាន់មានរបាយការណ៍អំពីទំហំនៃការខូចខាត ឬមនុស្សស្លាប់ និងរបួសនោះទេ។ យោងតាមគេហទំព័រ Poweroutage.us បានឱ្យដឹងថា ព្យុះនេះវាយប្រហារក្នុងល្បឿន ៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់ផ្តាច់ចរន្តអគ្គិសនីផ្គត់ផ្គង់ដល់លំនៅដ្ឋាន និងទីតាំងអាជីវកម្មប្រមាណ ៥៣០,០០០កន្លែងទូទាំងរដ្ឋកាលីហ្វ័រញ៉ា។
ក្នុងនោះមានប្រជាជនប្រហែល ៩០០,០០០នាក់គ្មានថាមពលប្រើប្រាស់កាលពីថ្ងៃចុងសប្តាហ៍។ ជាមួយគ្នានេះ សេវាឧតុនិយមជាតិ (NWS) បានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយបន្តបង្កជាគ្រោះមហន្តរាយ ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស និងទឹកជំនន់ជន់លិចទីក្រុងជាដើម៕RT