លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ត្រូវនារីម្នាក់ប្តឹងទៅសមត្ថកិច្ចពាក់ពន្ឋ័អំពើហឹង្សាលើរូបនាងបណ្តាលអោយរបួសធ្ងន់ធ្ងរ
ព្រះសីហនុ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្លឹបពាណិជ្ជករកម្ពុជា បានរងការចោទប្រកាន់ថា បានបោកទូរស័ព្ទនិងវៃមនុស្សស្រីយ៉ាងព្រៃផ្សៃ។ ប៉ុន្តែ លោកឧកញ៉ាបានបដិសេធការចោទប្រកាន់នេះ។ ហេតុការណ៍នៃអំពើហិង្សានេះ គឺបានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចហាងមួយកន្លែងឈ្មោះ «ឡា វ៉ូត» ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមជម្រាបថា លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ជាប្រធានក្រុមហ៊ុន ECC Realty និងជាម្ចាស់គម្រោងអចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត។
យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលទើបទទួលបាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ជនរងគ្រោះឈ្មោះ គឹម ចាន់សុធា បានមកពីភ្នំពេញ មកលេងនៅខេត្តព្រះសីហនុ។
នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ពួកគេមានគ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូបអាហារនៅហាង ឡា វ៉ូត។ ពេលនោះ បានឃើញឈ្មោះ យ៉េន ម៉ារ៉ាណង ភេទស្រី និង មកជាមួយបងប្អូនរបស់គាត់ មកហូបអាហារនៅហាងនេះដែរ។ ខណៈនោះ បងស្រីជនរងគ្រោះ បានបបួសទៅសួរនាំឈ្មោះ យ៉េន ម៉ារ៉ាណង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាលាង បានស្រែកជេរបងស្រីជនរងគ្រោះ។
ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះបានលើកទូរស័ព្ទរកថតសកម្មភាពនេះ ស្រាប់តែមានមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូនមួយជាមួយឈ្មោះ យ៉េន ម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះម៉ាក សាំងសុង យកទៅបោកកម្ទេចនិងវៃជនរងគ្រោះ តែម្តង។ ក្រោយបង្កហេតុ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរត់គេចខ្លួនបាត់ស្រមោល។
ជុំវិញបញ្ហានេះ ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី បានថ្លែងប្រាប់ បន្ថែម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ រហូតមកទល់ពេលនេះ អ្នកនាងពុំទាន់ទទួលបានយុត្តិធម៌ នៅឡើយទេ ដោយសារភាគីជនបង្ក បានមកសម្របសម្រួល តែអ្នកនាងពុំព្រម ព្រោះចង់អោយច្បាប់ចាត់ការរឿងនេះ។
ឆ្លើយតបការចោទប្រកាន់នេះវិញ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ថ្លែងប្រាប់ថា លោកមិនបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ ដូចការចោទប្រកាន់ នោះទេ។ លោកថ្លែងថា លោកបានត្រៀមមេធាវី រួចរាល់ហើយ ដើម្បីតតាំងករណីនេះ៕