តូក្យូ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន បានជំរុញឱ្យរដ្ឋាភិបាល និងវិស័យឯកជន របស់ប្រទេសជប៉ុន បង្កើនការគាំទ្រសម្រាប់ការកសាងប្រទេស អ៊ុយក្រែន ឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៩ កុម្ភ: ២០២៣។

លោក នាយករដ្ឋមន្ត្រី Denys Shmygal បានប្រាប់ពីសំណើបែបនេះ អំឡុងវេទិកាមួយ នៅក្នុងទីក្រុងតូក្យូ ដែលរៀបចំឡើងដោយរដ្ឋាភិបាល ហើយមានការចូលរួមពីសំណាក់មេដឹកនាំធុរកិច្ច ប្រមាណ ៣០០នាក់ មកពីប្រទេសជប៉ុន និងអ៊ុយក្រែន។

លោក Denys Shmygal បានអះអាងដែរថា ចាប់តាំងពីការលុកលុយទ្រង់ទ្រាយពេញលេញ របស់រុស្ស៊ីមក ប្រទេសជប៉ុនបានផ្តល់ជំនួយដល់អ៊ុយក្រែនជាង ១០ ពាន់លានដុល្លារ រួចមកហើយ ដល់អ៊ុយក្រែន។

លោកបានអរគុណចំពោះការផ្តល់មូលនិធិនេះ ត្បិតអី ជំនួយទាំងនេះបានជួយឲ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ អាចរស់រានមានជីវិតបាន ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃច័ន្ទនេះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការគាំទ្រអ៊ុយក្រែន ដើម្បីការពារសេរីភាព និងឯករាជ្យភាពរបស់ខ្លួន ព្រមទាំង ការស្ដារឡើងវិញនូវបូរណភាពទឹកដី នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ។

កាលពីសប្តាហ៍មុន ធនាគារពិភពលោក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍រួមមួយ បានប៉ាន់ប្រមាណថា ការចំណាយលើការកសាងឡើងវិញ របស់អ៊ុយក្រែនមានចំនួន ៤៨៦ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។ ក្នុងនោះ គ្រាន់តែឆ្នាំ២០២៤តែឯង ត្រូវចំណាយ ១៥ពាន់លានដុល្លារ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ