ប្រទេសមីយ៉ាន់ម៉ា ឈានចូលដល់ឆ្នាំទី៤ នៃវិបត្តិ ក្រោយរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុងសាន ស៊ូជី
ណៃពិដោ៖ ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃគម្រប់ខួប៤ឆ្នាំគត់ នៃវិបត្តិក្រោយរដ្ឋប្រហារ នៅប្រទេសមីយ៉ាន់ម៉ា។ របបយោធានៅតែបន្តប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកំទេចក្រុមប្រឆាំងនឹងការគ្រប់គ្រងអំណាចរបស់ខ្ហួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០១ កុម្ភ: ២០២៣។
កាលពីព្រឹកព្រលឹម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ពួកយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុងសាន ស៊ូជី ជាអតីតមេដឹកនាំ មានទំនោរខាងលទ្ធិប្រជាធិបតេយ្យ ហើយលោកស្រី ក៏ជាម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលសន្តិភាពផងដែរ។ ជាការផ្តួល មុនពេលដែលសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) គ្រប់គ្រងដោយលោកស្រី ស៊ូជី បានរៀបចំខ្លួន ដើម្បីប៉ុនប៉ងទទួលយកអាសនៈ នៅក្នុងសភា បន្ទាប់ពីដោះស្រាយការជាប់គាំងនយោបាយជាប្រវត្ថិសាស្ត្រ។
កាលពីថ្ងៃពុធ មេដឹកនាំរបបសឹក លោក Min Aung Hlaing បាននិយាយថា យោធារបស់លោកនឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនត្រូវការ ដើម្បីកំទេចក្រុមប្រឆាំងនឹងរបបយោធារបស់លោក។ ការប្រកាសនេះបានធ្វើឡើង ក្រោយពេលដែលរបបយោធាបានបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន រយៈពេល៦ខែទៀត។ ជាការពន្យា ដែលត្រូវបានគេដឹងថា ជាលេសដើម្បីអូសបន្លាយពេល ក្នុងការរៀបចំការបោះឆ្នោតឡើងវិញ ដែលខ្លួនធ្លាប់សន្យាថា នឹងធ្វើនោះ។
ប៉ុន្តែ របបយោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបន្តដាក់រដ្ឋក្នុងគ្រាអាសន្ននេះ គឺដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងភេរវករ។ ពួកភេរវករដែលខ្លួនហៅនេះ គឺចង់សំដៅលើក្រុមបះបោរនឹងពួកយោធា ដែលកំពុងពង្រីកការកាន់កាប់ នៅប៉ែកខាងជើងប្រទេស។
គួរបញ្ជាក់ដែរថា នៅប៉ុន្មានម៉ោង ក្រោយពេលរបបសឹកបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀត លើរបបមួយនេះ។
ក្រុមអ្នកវិភាគបាននិយាយថា ក្រុមដែលប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ឈ្មោះថា «កងកម្លាំងការពារប្រជាជន» បានធ្វើឱ្យយោធាភ្ញាក់ផ្អើល ជាមួយនឹងប្រសិទ្ធភាពរបស់ពួកគេ មួយរយៈចុងក្រោយនេះ ក្នុងនោះ ទាហានរបស់របបសឹកជាច្រើននាក់ត្រូវបានសម្លាប់។
គួរបញ្ជាក់ថា ក្នុងរយៈពេល ប្រមាណ ៤ឆ្នាំ នៃវិបត្តិ ត្រូវបានក្រុមឃ្លាំមើលក្នុងតំបន់ឱ្យដឹងថា មានមនុស្សជាង ៤៤០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្រ្កាបរបស់យោធា លើអ្នកប្រឆាំង និងជាង ២៥០០០ នាក់ត្រូវបានចាប់ខ្លួន។ មនុស្សជាងពីរលាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើយោងតាមអង្គការសហប្រជាជាតិ៕