ជំងឺគ្រុនឈាមសម្លាប់មនុស្សរហូតដល់ ១ពាន់នាក់នៅបង់ក្លាដែស ដែលនេះកំណត់ត្រាដ៏អាក្រក់បំផុត
ដាកា៖ គិតត្រឹមចុងឆ្នាំ២០២៣ ជំងឺគ្រុនឈាមបានសម្លាប់ជីវិតមនុស្សជាង ១,០០០នាក់ នេះជាករណីស្លាប់ដ៏អាក្រក់បំផុតសម្រាប់ប្រទេសបង់ក្លាដែស នៅក្នុងកំណត់ត្រាជំងឺបង្កឡើងពីសត្វមូស ដែលកំពុងកើនឡើងជាញឹកញយ ដោយសារតែការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៣ តុលា ២០២៣។
គ្រុនឈាម គឺជាជំងឺដែលកើតមាននៅតំបន់ត្រូពិច ហើយបណ្តាលឱ្យក្តៅខ្លួនខ្លាំង ឈឺក្បាល ក្អួតចង្អោរ និងឈឺសាច់ដុំ ហើយក្នុងករណីធ្ងន់ធ្ងរបំផុត គឺមានការហូរឈាមដែលអាចបណ្តាលឱ្យបាត់បង់ជីវិតតែម្តង។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ជំងឺគ្រុនឈាម និងជំងឺផ្សេងទៀតដែលបង្កឡើងដោយមេរោគឆ្លងពីសត្វមូស ដូចជា ឈីគុងហ្គូយ៉ា គ្រុនក្តៅលឿង និងហ្សីកា កំពុងរីករាលដាលកាន់តែលឿន ដោយសារតែការប្រែប្រួលអាកាសធាតុ។តួលេខពីអគ្គនាយកដ្ឋានសេវាសុខភាពបង់ក្លាដែស ដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន បានឱ្យដឹងថា មនុស្ស ១,០០៦នាក់បានស្លាប់ ក្នុងចំណោមករណីដែលកត់ត្រាជាង ២០០,០០០នាក់។
អតីតនាយករបស់ទីភ្នាក់ងារសេវាសុខភាពបង់ក្លាដែស លោក Be-Nazir Ahmed បាននិយាយថា ចំនួនអ្នកស្លាប់ គិតមកទល់ចុងឆ្នាំ២០២៣នេះ គឺខ្ពស់ជាងបណ្តាឆ្នាំមុនៗដែលរួមបញ្ចូលគ្នាចាប់តាំងពីឆ្នាំ ២០០០មក។ លោកបន្តថា វាជាព្រឹត្តិការណ៍វិបត្តិសុខភាពដ៏ធំមួយ ទាំងនៅក្នុងប្រទេសបង់ក្លាដែស និងនៅលើពិភពលោក៕