១០ខែ ឆ្នាំ២០២០ មានកុមារកម្ពុជា ជាង១ម៉ឺននាក់ ដែលបានកើតជំងឺគ្រុនឈាម
ភ្នំពេញ ៖ រយៈពេល១០ខែឆ្នាំ២០២០នេះ កុមារកម្ពុជាមានជំងឺគ្រុនឈាមជាង ១ម៉ឺនករណី ថយចុះជាង៦០ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានថ្លែងថា ករណីជំងឺគ្រុនឈាមបានថយចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ព្រោះមានការចូលរួមពីអាជ្ញាធររាជធានីខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលតែងតែចុះអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺនេះជាប់ជាប្រចាំ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាសំបកកង់ឡាន កង់ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូងជាដើម ។
លោកវេជ្ជបណ្ឌិតបានបន្តថា កត្តាចំបងដែលនាំឱ្យថយចុះនេះដែរ ដោយសារមាតាបិតាយល់ដឹងច្រើន ពីគ្រោះថ្នាក់ និងរោគសញ្ញានៃជំងឺនេះ គឺនៅពេលកុមារក្តៅខ្លួនខ្លាំង ពួកគាត់បាននាំកូន ទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាពនិងមន្ទីរពេទ្យ បានទាន់ពេលវលា។ យើងមានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យជាតិ អ៊ីចឹងគឺយើងព្យាបាលបានត្រឹមត្រូវ ដូច្នេះហើយគឺមិនមានការសាយភាយច្រើននោះទេ ។
លោកវេជ្ជបណ្ឌិតបានក្រើនរំឭកដល់ប្រជាពលរដ្ឋ អាជ្ញាធររាជធានី-ខេត្ត និងអង្គការដៃគូ បន្តចូលរួមប្រយុទ្ធនឹងជំងឺគ្រុនឈាមជាបន្តទៀតដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារដោយសារជំងឺនេះឱ្យកាន់តែថយចុះថែមបន្ថែមទៀត៕EB