Apple បញ្ចេញលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ នៃឆ្នាំសារពើពន្ធ ២០២៣
អន្តរជាតិ៖ ក្រុមហ៊ុន Apple នៅថ្ងៃទី០៥ ខែឧសភា បានប្រកាសលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ នៃឆ្នាំសារពើពន្ធ ២០២៣ របស់ខ្លួន ដែលបានបញ្ចប់នៅថ្ងៃទី០១ ខែមេសាឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលប្រចាំត្រីមាស៩៤.៨៤ពាន់លានដុល្លារ ធ្លាក់ចុះ៣ភាគរយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៥ ឧសភា ២០២៣។
ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន Apple សម្រាប់ត្រីមាសបានធ្លាក់ចុះមកនៅត្រឹម២៤.១៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន ២៥.០១ពាន់លានដុល្លារ។ ការលក់សេវាកម្មរបស់ក្រុមហ៊ុន Apple បានឈានដល់២០.៩១ពាន់លានដុល្លារ កើនឡើងលើសពីមុន ដែលមានត្រឹមតែ១៩.៨២ពាន់លានដុល្លារ។ ការលក់ទូរស័ព្ទ iPhone មានទឹកប្រាក់៥១.៣៣ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន មានត្រឹមតែ៥០.៥៧ពាន់លានដុល្លារ។
ការលក់ផលិតផល Wearables, Home និង Accessories របស់ខ្លួនបានធ្លាក់ចុះបន្តិចមកត្រឹម៨.៧៦ពាន់លានដុល្លារ បើធៀបនឹងកាលពីឆ្នាំមុន ៨.៨១ពាន់លានដុល្លារ។ រីឯប្រាក់ចំណូលពីការលក់សុទ្ធរបស់ក្រុមហ៊ុន Apple នៅក្នុងតំបន់ Greater China បានធ្លាក់ចុះមកត្រឹម១៧.៨១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន ១៨.៣៤ពាន់លានដុល្លារ។
ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា យើងរីករាយក្នុងការរាយការណ៍អំពីកំណត់ត្រាគ្រប់ពេលវេលានៅក្នុងផ្នែកសេវាកម្ម និងកំណត់ត្រាប្រចាំត្រីមាសសម្រាប់ទូរស័ព្ទ iPhone ទោះបីជាមានបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដ៏លំបាកក៏ដោយ។ លោកបន្ថែមថា យើងនឹងបន្តការវិនិយោគសម្រាប់រយៈពេលវែង ហើយឈានមុខគេ ជាមួយនឹងគុណតម្លៃរបស់យើង រួមទាំងការធ្វើឱ្យមានការរីកចម្រើនដ៏សំខាន់ ឆ្ពោះទៅរកការកសាងផលិតផលអព្យាក្រឹតកាបូន និងខ្សែសង្វាក់ផ្គត់ផ្គង់នៅឆ្នាំ២០៣០៕