ក្រុមយុវជន ទទូចឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ អនុវត្តការហាមឃាត់ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់
ភ្នំពេញ ៖ ក្រុមយុវជន បានទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធអនុវត្តការហាមឃាត់ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ខណៈថ្នាំជក់បានបំផ្លាញសុខភាពអ្នកប្រើប្រាស់ប៉ះពាល់ ដល់បរិស្ថាននិងខាតបង់សេដ្ឋកិច្ចជាតិ។
ការហាមឃាត់មិនឱ្យគ្រឹះស្ថានសិក្សាសហការជាមួយក្រុមហ៊ុនថ្នាំជក់គឺការឆ្លើយតប និងជាកាតព្វកិច្ចរបស់ជាតិចំពោះអនុសញ្ញាអន្តរជាតិស្តីពីការត្រួតពិនិត្យថ្នាំជក់មាត្រា៥.៣ ។ នេះជាការលើកឡើងរបស់បេក្ខជនឆ្នើម ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ ដែលប្រារព្ធឡើង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញក្រោមវត្តមានជាអធិបតីលោកជំទាវ គឹម សេដ្ឋានីរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
កញ្ញា ហាក់នីតា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសម្តេចឳសម្តេចម៉ែ ខេត្តរតនគិរី ដែលទទួលបាន ជ័យលាភីលេខ១ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈក្រោមប្រធានបទ៖ “ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងថា គ្រឹះស្ថានសិក្សាគឺជាកន្លែងផ្តល់ចំណេះដឹង និងអប់រំយុវវជនគ្រប់ស្រទាប់វណ្ណៈ ហើយថ្នាំជក់បានបង្ករផលវិបាកជាច្រើនដល់សង្គម និងសុខភាពសារណៈ ដូច្នេះ មិនត្រូវមានការចាប់ដៃគូជាមួយគ្នាឡើយទោះក្នុងរូបភាពណាកក៏ដោយ៖
លោកលី រតនាជាម្ចាស់ជ័យលាភីលេខ៣ នៃការប្រគួតនោះបានឱ្យដឹង ក្រុមហ៊ុនថ្នាំជក់មានចេតនាទាក់ទាញឱ្យមានការប្រើប្រាស់ថ្នាំជក់តាមរយៈការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការបង្កើតផលិតផលជំនាន់ថ្មីដែលទាក់ទាញខ្លាំងចំពោះយុវជន និងការធ្វើសកម្មភាពឧបត្ថម្ភនានានិងបង្កើតទំនាក់ទំនងសាធារណៈក្នុងគ្រឹះស្ថានសិក្សា និងស្ថាប័នដទៃទៀត ដើម្បីបិទបាំងពីផលអាក្រក់នៃការប្រើប្រាស់ថ្នាំជក់។ ដូច្នេះហើយលោកបានទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធអនុវត្តការហាមឃាត់ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ព្រោះថ្នាំជក់បានផ្តល់ផលវិបាកជាច្រើនដល់សុខភាពប្រជាជន បរិស្ថាន និងសេដ្ឋកិច្ជជាតិ។
យោងតាម Global Tobacco Industry Interference Index ការជ្រែតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ មិនមែនកើតមានឡើងតែក្នុងគ្រឹះស្ថានសិក្សាប៉ុណ្ណោះទេ។ ស្ថាប័នផ្សេងទៀតដូចជា ស្ថាប័នសុខាភិបាល សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសភាជាដើមក៏ជាគោលដៅនៃការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ដែរ។
ភស្តុតាងវិទ្យាសាស្ត្របង្ហាញថា ល្បិចកលពីក្រោយសកម្មភាពឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ គឺដើម្បីពង្រីកការផ្សព្វផ្សាយពាណិជ្ជកម្មនិងបង្ហាញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក្នុងសង្គមដើម្បីអូសទាញការគាំទ្របិទបាំងផលប៉ះពាល់នៃផលិតផលរបស់ខ្លួននិងបង្កើតឱកាសប្រឈមតតាំងទៅនឹងគោលនយោបាយជាតិស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់៕