សម្ដេចក្រឡាហោម ស ខេង ប្រាប់ក្រសួងយុត្តិធម៌ជប៉ុនថា ការអនុវត្តទោសក្នុងសហគមន៍នៅកម្ពុជាសព្វថ្ងៃ មិនអាចអនុវត្តបានរលូននោះទេ ដោយសារខ្វះការគាំទ្រពីពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រាប់ក្រសួងយុត្តិធម៌ជប៉ុនថា ការអនុវត្តទោសក្នុងសហគមន៍ នៅកម្ពុជាសព្វមិនអាចអនុវត្តបានរលូននោះទេ ដោយសារខ្វះការគាំទ្រពីប្រជាពលរដ្ឋ តែទោះជាយ៉ាងណាកម្ពុជានឹងខិតខំធ្វើការងារនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក KADA Hiroyuki អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «យើងកំពុងតែមានប្រឈមមួយ គឺចង្អៀតណែនក្នុងពន្ធនាគារ» កន្លងមករាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការផ្សេងៗ ក្នុងនោះរួមមាន៖ ទី១-បន្ធូរបន្ថយទោស ដែលរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការពិនិត្យ និងលើកលែងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យជាតិផ្សេងៗ ,ទី២-ការអនុវត្តទោស នៅក្នុងសហគមន៍ និងទី៣-និងការដោះលែងដោយមានលក្ខខណ្ឌ។
ពាក់ព័ន្ធនឹងការអនុវត្តទោសក្នុងសហគមន៍ សម្ដេចក្រឡាហោម បានថ្លែងថា «សព្វថ្ងៃនៅកម្ពុជាមិនអាចអនុវត្តបានរលូននោះទេ ដោយសារខ្វះការគាំទ្រពីប្រជាពលរដ្ឋ តែទោះជាយ៉ាងណាកម្ពុជានឹងខិតខំធ្វើការងារនេះ ដើម្បីឈានទៅកាត់បន្ថយការចំណាយរបស់រដ្ឋ ខណៈវិធានការដោះលែងដោយមានលក្ខខណ្ឌនោះ គឺជាការដោះលែងបន្ទាប់ពីអ្នកទោសអនុវត្តទោសបានមួយរយៈ ជាមួយនឹងការកម្រិតលក្ខខណ្ឌមួយចំនួន»។
សម្ដេចក្រឡាហោម បន្តថា វិធានការនេះ កំពុងតែស្ថិតក្នុងដំណាក់កាលអនុវត្តដកស្រង់បទពិសោធន៍។ នាឱកាសនោះ សម្ដេច ក៏បានលើកឡើងថា សព្វថ្ងៃ ជនអន្តោប្រវេសន៍បរទេសកំពុងមានវត្តមាននៅកម្ពុជាប្រមាណ ៩ម៉ឺននាក់ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងការងារនេះ។
ចំពោះវិស័យពន្ធនាគារ លោក KADA Hiroyuki បានប្រាប់ សម្ដេចក្រឡាហោម ស ខេង ថា អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងប្រព្រឹត្តិចំពោះជនល្មើស ហៅកាត់ថា (UNAFEI) ដែលសហការជាមួយអង្គការ UNODC កំពុងរៀបចំសិក្ខាសាលាមួយនៅប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ និងការផ្លាស់ប្ដូរធនធាន ការកសាងបណ្ដាញក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ចំពោះសិក្ខាសាលានេះវិញ លោក បានសង្ឃឹមថា ក្រសួងមហាផ្ទៃកម្ពុជា នឹងចាត់មន្ដ្រីអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ៕