(មានវីដេអូ) សម្តេចក្រឡាហោម ស ខេង ពីអ្នកកាសែតជិះកង់យកព័ត៌មានក្នុងសម័យតស៊ូ ក្លាយជារដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបំផុត
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ នៅក្នុងភូមិអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងមានភរិយាគឺលោកជំទាវ ញ៉ែម សាខន។លោកទទួលបានសញ្ញាបត្រមធ្យមសិក្សាកម្រិត១ នៅអនុវិទ្យាល័យថ្នល់កែង ក្នុងខេត្តព្រៃវែង និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ។
សម្ដេចមានកូនប្រុសស្រីចំនួន ៣ នាក់គឺ លោក ស សុខា លោកស្រី ស ស៊ីណា និងលោក ស រដ្ឋា ចំពោះ កូនប្រុសច្បងរបស់សម្តេច គឺ លោក ស សុខា ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងកូនប្រុសពៅគឺលោក ស រដ្ឋា មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ចំណែកលោកស្រី ស ស៊ីណា មិនមានប្រភពបញ្ជាក់លោកស្រីមានតួនាទីនៅក្រសួង ឬស្ថាប័នជាតិណានោះទេ។
មុននឹងក្លាយជាមន្ត្រីបំរើការងារនយោបាយ សម្តេចក្រឡាហោម ស ខេង ធ្លាប់បានមានប្រសាសន៍ថា សម្តេចធ្លាប់បានធ្វើការជាកាសែតជិះកង់យកព័ត៌មាននៅក្នុងសម័យតស៊ូ។ សម្តេចបញ្ជាក់ថា គ្រានោះ សម្តេចធ្លាប់ធ្វើដំណើរតែម្នាក់ឯង ដោយយកផ្លូវជាមាត់ ជិះកង់យកព័ត៌មាននៅក្នុងសម័យប្រទេសជាតិកំពុងមានសង្គ្រាម។
ទាក់ទងទៅនឹងការបំពេញការងារ សម្តេចក្រឡាហោម ស ខេង បានកាន់តំណែងជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយការបោះឆ្នោតរៀបចំដោយអ៊ុនតាក់នៅឆ្នាំ ១៩៩៣ រហូតមកដល់ខែមីនា ឆ្នាំ ២០០៦ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកដល់បច្ចុប្បន្ននេះ ។សម្តេចក្រឡាហោម ស្ថិតនៅក្នុងចំណោមរដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាដំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងខេត្តព្រៃវែង សម្តេចក្រឡាហោម បានកសាងនូវសមទ្ធិផលជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងក្មេងជំនាន់ក្រោយបានយ៉ាងច្រើន ជាក់ស្តែង លោកបានដាក់ចេញគោលនយោបាយលើការដោះស្រាយបញ្ហាសន្តិសុខ និងការពង្រឹងតួនាទីទទួលខុសត្រូវដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន។ ជំរុញចលនាភូមិឃុំមានសុវត្ថិភាព ដែលបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ ២០១០ ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងមូលដ្ឋាន ដូចជាបញ្ហាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ អំពើហិង្សានិងការជួញដូរស្រ្តីនិងកុមារ។
ទន្ទឹមនឹងនេះសម្តេចក្រឡាហោម បានធ្វើកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការក្នុងការផ្ទេរមុខងារក្នុងវិស័យអាទិភាពទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយភ្ជាប់ធនធានហិរញ្ញវត្ថុនិងធនធានមនុស្ស ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។បង្កើតសេវាច្រកចេញចូលតែតាមរាជធានីខេត្តក្រុងដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្រសួងមហាផ្ទៃក៏បានបង្កើតយន្តការច្រកចេញចូលតែមួយនៅតាមរាជធានី ខេត្ត ស្រុកខណ្ឌ និងសង្កាត់ដើម្បីបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ។
ក្នុងតំណែងជារដ្ឋមន្ត្រីមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ទទួលាបនសមិទ្ធផលថ្មីមួយទៀតគឹអគារក្រសួងមហាផ្ទៃថ្មីកម្ពស់ ៩ ជាន់ កំពុងដំំណើរការសាងសង់គ្រោងបញ្ចប់ដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២៣នេះ។អគារក្រសួងថ្មីនេះជាសមិទ្ធផលដ៏ត្រចះត្រចង់មួយទៀត ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ដែលអាចបម្រើការងារដល់ស្ថាប័ន អង្គភាពនិងមន្រ្តីរាជការអាចបំពេញការងារប្រកបដោយផាសុខភាព។
នៅមានសមត្ថិផលសំខាន់ៗជាច្រើនទៀត ដែលរាប់ពុំអស់ តែអ្វីដែលគេកត់សម្គាល់ជាងនេះនោះ គឺ សម្តេកក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានគេចាត់ទុកជាជាងអ្នកនយោបាយចាស់ទុំមួយរូប ក្នុងប្រទេសកម្ពុជា ។ ក្នុងឆាកនយោបាយរបស់លោក កម្រមានរឿងរ៉ាវ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការអាកអន់ស្រពន់ចិត្តណាស់ ដោយគេតែងសង្កេតឃើញថា លោកបានប្រើប្រាស់ពេលវេលាបំពេញតួនាទីស្មោះស្មគ្រជូនជាតិមាតុភូមិ ជាពិសេសប្រជាពលរដ្ឋ។
គេសង្កេតឃើញថាក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ សម្តេចក្រឡាហោម បានទទួលការគោរ ស្រឡាញ់ ពេញចិត្តជាពន្លឹក ពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ព្រោះតែភាពម៉ឺងម៉ាត ហ្មត់ចត់ មានគុណធម៌ ប្រកាន់សច្ចៈធម៌ តែងតែការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងយកបញ្ហាររបស់ប្រជាពលរដ្ឋមកដោះស្រាយ ដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ជាក់ស្តែង សម្តេចក្រឡាហោម តែងតែ និយាយត្រង់ ដោយមិនទុកមុខនោះទេ ប្រសិនបើសម្តេចមើលឃើញថា បញ្ហានោះបានធ្វើឱ្យប៉ះពាល់ដល់ជាតិ និងប្រជាពលរដ្ឋ ៕